ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវចុះពិនិត្យ មើលសណ្ឋាគារណាបិទទ្វារ ជួលមកទុកដាក់អ្នកជំងឺ កូវីដ-១៩ ដោយសារសាលារៀន គ្រាន់តែទុកបម្រុងត្រៀម ក្នុងពេលដែលគ្មាន អគារដាក់ អ្នកជំងឺតែប៉ុណ្ណោះ។
តាមរយៈសារសំឡេង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា «បទបញ្ជាខ្ញុំសារជាថ្មីម្ដងទៀត ចំពោះបណ្ដាខេត្តក្នុងករណី គឺដំបូងគិតឲ្យច្បាស់អំពីទីតាំង គឺមិនសំដៅទៅលើសាលារៀន ទេសាលារៀន ខ្ញុំចង់និយាយទៅលើ សំដៅទៅលើបញ្ហា ដែលយើងមិនអាចរកអ្វីបាន។ ប៉ុន្ដែឥឡូវឃើញថា សណ្ឋាគារ ជាច្រើននៅតាមបណ្ដាខេត្ត គឺត្រូវអត់មានភ្ញៀវស្មាក់នៅទេ ហើយក៏មាន អគារ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល មួយចំនួន ក៏អាចមានអគារខ្លះដែរ ចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌល ណាវាល្អអាហ្នឹងយើងយកអាហ្នឹង មិនចាំបាច់យកសាលារៀនទេ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕