ភ្នំពេញ៖ ដោយអនុវត្តន៍ តាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកសាលារៀន “វិទ្យាល័យព្រះមុនីវង្ស” ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុន ប្រយុទ្ធប្រឆាំង ពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩។
អាជ្ញាធរខេត្តបាត់ដំបង ដឹកនាំដោយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យ និង កំណត់យកទីតាំងសាលារៀន “វិទ្យាល័យព្រះមុនីវង្ស” ដើម្បីរៀបចំ និងត្រៀមបង្ការទុកជាមុន ដើម្បីទទួលបងប្អូន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះ ទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩ ។

លោកអភិបាល បានឲ្យដឹងថា ” ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុក ទីតាំងដោយកំណត់យក ទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ ត្រៀមទុកជាមុន ដើម្បីកំណត់យក ទីតាំងជាក់លាក់ ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ ការរាតត្បាត ពីជម្ងឺផ្លូវដង្ហើម(កូវីដ-១៩)។”
លោក ងួន រតនៈ បន្តថា ជាជំហានដំបូង ក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារ ខាងលិចជាប់របង និងរៀបចំចំនួន៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុក ក្នុងការទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យ ចំពោះបងប្អូនដែលស្ម័គ្រចិត្ត មកធ្វើតេស្តពីជម្ងឺឆ្លង( Covid-19) និងបងប្អូនដែលសង្ស័យថា មានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជម្ងឺឆ្លងកូវីដ១៩ “ដោយនៅទីនោះ មានការថែទាំនិងការផ្តល់សេវា ពិគ្រោះនិងត្រួតពិនិត្យ យ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យ ជំនាញប្រចាំការនៅទីនះ៕

