កម្ពុជា ត្រៀមសហការជានិច្ច ជាមួយក្រុមគ្រូពេទ្យចិន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

0

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបង្ហាញកាយវិការ ស្វាគមន៍យ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យចិន ដែលបានមកដល់កម្ពុជា នាព្រឹកពេលនេះដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា។

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីទទួលក្រុមគ្រូពេទ្យចិនចំនួន ៧នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជើញមកថ្ងៃនេះ ដើម្បីរួមសហការគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាពិសេស ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហើយយើងខ្ញុំត្រៀមលក្ខណៈជានិច្ច សហការជាមួយអស់លោក លោកស្រី ដើម្បីបំពេញការងារនេះ នេះជាសញ្ញាមួយមិត្តភាព និងសាមគ្គីភាព រវាងបងប្អូនប្រជាជនកម្ពុជា និងប្រជាជនចិន” ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ ចំពោះការឆ្លងរីករាលដាលកូវីដ១៩ ផងដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល សម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត៕