ពលរដ្ឋខ្មែរ៣នាក់ និងបារាំង៣៤នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក ព្រោះមានទំនាក់ទំនង ជាមួយជនជាតិបារាំង២នាក់ ដែលវិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ បុរសជនជាតិខ្មែរ ៣នាក់ និងជនជាតិបារាំង ៣៤នាក់ ដែលមានទំនាក់ទំនង ជាមួយបុរសវ័យចំណាស់ ជនជាតិបារាំង២នាក់ ដែលឆ្លងមេរោគកូវីដ១៩ នៅខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្នុងសណ្ឋាគារមួយ រយៈពេល១៤ថ្ងៃ នេះបើយោងតាម មន្ទីរព័ត៌មានខេត្តព្រះសីហនុ ។

យោងតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា សំណាករបស់មនុស្សទាំង៣៧នាក់នោះ ក៏ត្រូវបានយកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា នៅភ្នំពេញ ហើយកំពុងតែរង់ចាំលទ្ធផល។
ចំណាត់ការយកមនុស្សទាំង ៣៧នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិបារាំង ម្នាក់អាយុ៦៧ឆ្នាំ និងម្នាក់ទៀតអាយុ ៨០ឆ្នាំ ជាអ្នកទេសចរទៅលេង នៅខេត្តព្រះសីហនុ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុកកូវីដ១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហុន បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ជនជាតិបារាំង ចំនួន៣៦នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ បន្ទាប់មកពួកគេបានធ្វើដំណើរកម្សាន្ត តាមរថយន្ត ជាមួយមគ្គុទេសក៍ទេសចរណ៍ ២នាក់ និងអ្នកបើករថយន្តម្នាក់ទៀត ជាជនជាតិខ្មែរ ឆ្ពោះមកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
លោក គួច ចំរើន បានបញ្ជាក់ទៀតថា ក្រោយបុរសជនជាតិបារាំង២នាក់ ដែលរកឃើញផ្ទុកមេរោគកូវីដ១៩ នោះ អាជ្ញាធរ និងមន្ត្រីចត្តាឡីស័ក បានចាប់ផ្តើមនាំមនុស្សទាំង ៣៧នាក់ ក្នុងនោះជនជាតិបារាំង ៣៤នាក់ និងជនជាតិខ្មែរ ៣នាក់ យកទៅទុកដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩ បន្តទៀត។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃេីញអ្នកឆ្លងកូវីដ១៩ កើនដល់៥៣ករណី ខណៈស្ថានភាពសុខភាព ស្ត្រីជាជាតិអង់គ្លេស (ពិការ) អាយុ៦៥ឆ្នាំ មានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន២ដងត្រូវបានអនុញ្ញាត ឲ្យចេញ ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញហើយ៕