ការពន្យាឬ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន រដ្ឋមិនអាចបង្ខំបានទេ

0

ភ្នំពេញ៖ អគ្គនាយិកាបច្ចេកទេសនៃ ធនាគារជាតិ លោកស្រី ជា សិរី បានពន្យល់ពីការពន្យាឬ កាត់បន្ថយអាត្រាការប្រាក់ ប្រាក់ដើមពីពលរដ្ឋ និងវិធានការ៥យ៉ាង របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជួយគ្រឹះស្ថាន ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវី១៩។

ក្នុងនោះ អគ្គនាយិកា បច្ចេកទេសនៃ ធនាគារជាតិកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ការពន្យាឬ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់ វិស័យឯកជន រដ្ឋមិនអាចបង្ខំបានទេ។ នេះជាការពន្យល់ និងបកស្រាយទាំងស្រុងរបស់ លោកស្រី ជា សិរីតាមរយៈគេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួននៅថ្ងៃទី១៨មីនាដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
1-ការត្រូវផ្តល់ការពន្យា ឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកសុីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធ ឫ វិធានការផេ្សងៗ។ យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកសុី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។

2- ការទាមទាឲ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយក ការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយ ធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារប្រៀបដូចមេតុងទីនអញ្ចឹងដែរ បើអ្នកដេញបានមុនមិនបង់ចូល មេតុងទីនត្រូវទទួលខុសត្រូវ ហើយអ្នកក្រោយក៏អត់បានដេញដែរ។ ណាមួយមិនដឹងថាវិបត្តនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នកដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ។

3-មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកសុីតូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ។ ដូច្នេះហើយបាន ជាធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំ ឲ្យគ្រឹះស្ថាន សម្រួលនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង។ បើគាត់គិតថា អតិថិជនណាមួយ ជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើស ពីការស្នើរសុំ ពីអាជ្ញាធរទៀត។ ប៉ុន្តែបើក្រុមហ៊ុននោះ តាមពិតទៅជួបបញ្ហា តាំងតែពីមុនវេរ៉ុស វាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាព បច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ។

4- ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជា បានចេញវិធានការ៥យ៉ាង ដើម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅ ក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះ មានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឲ្យគាត់បន្តផ្តល់ឥណទាន ក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើន ក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួល ដល់ការសម្រេចចិត្ត ពន្យាពេលសងរបស់គាត់ ៕