ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី ប្ដេជ្ញានឹងបន្តជួយបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលកម្ពុជា បន្ថែមទៀត ។
ក្នុងជំនួបរវាង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី នាព្រឹកថ្ងៃទី១៨ មីនានេះ ភាគីទាំងពីរបានលើកឡើង ពីកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី និងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន លើការប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មម៉ូតូធំ ជាពិសេសក្រុមការងារព័ត៌មាន ទាន់ហេតុការណ៍ (Hot Line) ជាមួយជនបរទេស ។
លោកទូបញ្ជាក់ថា «អូស្រ្តាលី នៅតែ បន្តជួយ ដល់ កម្ពុជា លើការងារបណ្តុះបណ្តាល ដល់នគរបាលជាតិកម្ពុជា បន្ថែមទៀត»។
ទន្ទឹមគ្នានោះនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានថ្លែងអំណរគុណដល់អូស្រ្តាលី ដែលកន្លងមកបានជួយ ដល់នគរបាលជាតិកម្ពុជា លើការពង្រឹងសមត្ថភាព ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈគម្រោងនគរបាលសហគម (CPI) ៕