អាល្លឺម៉ង់ផ្ដល់ថវិកាជិត ៤លានដុល្លារ សម្រាប់បោសសំអាត​មីន នៅកម្ពុជា ២ឆ្នាំ

0

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចផ្ដល់ថវិកាចំនួន ៣,៥លានអឺរ៉ូប (ប្រមាណ ៣.៨៥៦.១០៧លានដុល្លារ) ន្ថែមទៀត សម្រាប់ការបោសសំអាត​មីននៅកម្ពុជា រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី១៨ មីនានេះ បានឲ្យដឹងថា អង្គការបោសសំអាតមីន HALO Trust នឹង​អនុវត្តកម្មវិធីនេះ ។

កាលពីថ្ងៃទី១៧ មីនាម្សិលមិញ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្រកាសពីការចូល​រួមចំណែកនេះ នៅក្នុងដំណើរទស្សនកិច្ច រួមគ្នាមួយជាមួយ លោកទេសរដ្ឋមន្រ្តី លី​ ធុជ ទៅកាន់ចំការមីនមួយ នៅអូរស្មាច់ខេត្តឧត្តរមានជ័យ ។

លោកឯកអគ្គរដ្ឋទូត Berger ថ្លែងថា “មីនគឺជាកេរដំណែលដ៏គួរឲ្យ ឈឺចាប់នៃអតីតកាលមួយ និងនៅតែជាឧបសគ្គដល់ការអភិវឌ្ឍ ។ យើង រួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិចាំ​បាច់ ​​ត្រូ​វបង្កើនការខិតខំ របស់យើងដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥” ។

ប្រទេសអាល្លឺម៉ង់ ប្តេជ្ញាបន្តគាំទ្រសកម្មភាពបោសសំអាតមីន នៅក្នុងប្រទេស​ដើម្បីឆ្ពោះ ទៅដល់គោលដៅនេះ ៕