ភ្នំពេញ៖ នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ VASCO DE GAMA បាននាំអ្នកដំណើរ ចម្រុះជាតិសាសន៍ជាង ១០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ មុននឹងធ្វើដំណើរចាកចេញ ទៅកាន់ប្រទេសថៃ ។
នាវាទេសចរណ៍ VASCO DE GAMA មានសញ្ជាតិ BAHMAS មានបណ្តោយប្រវែង ២១៩.៤០ម៉ែត្រ ទទឹង ៣០.៨០ម៉ែត្រ ជម្រៅទឹក ៧.៨០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ ១៣សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ នាវានេះមានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែល ។
ភ្ញៀវទេសចរធ្វើដំណើរតាមនាវា VASCO DE GAMA មានចំនួន ៦៩៦នាក់ ស្រី ៣៧៧នាក់ មាន ១៣សញ្ជាតិ និងមាន នាវិកសរុបចំនួន ៥៥០នាក់ ស្រី ៧១នាក់ មាន ២៨សញ្ជាតិ ។ ចំពោះបញ្ហាសុខភាព របស់ភ្ញៀវទេសចរបរទេសតាមនាវា ក៏ត្រូវបានត្រួតពិនិត្យផងដែរ ដើម្បីធានាសុខុមាលភាព សម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ៕


