ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយអះអាងថា លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19)នោះទេខណៈភាគីពាក់ព័ន្ធកំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖
-សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។
– ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
-គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕