ភ្នំពេញ៖ បន្ទាប់សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បញ្ជាឲ្យបិទការ Live លក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាស់ស្ត្រី ក្នុងវេទិកាប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ស្រាប់តែមេបក្សខ្មែរក្រោក លោក វីល្លាម បានចេញសារគាំទ្រទៅលើប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល ។
លោក វីល្លាម បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកនៅព្រឹកនេះឲ្យដឹងថា «ខ្ញុំគាំទ្រជាគោលការណ៍ចំពោះសម្ដេចនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មាស់ស្ត្រី. ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន។ ការបញ្ជានេះបានធ្វើឡើង នៅក្នុង ឱកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»។
មេបក្សខាងលើបានបន្តថាជាក់ស្ដែងបច្ចុប្បន្នមានករណីនៃយកកេរ្តិ៍ខ្មាសភាពសិចស៊ីជ្រុលនិយមមកធ្វើជាដើមទុនទាក់ទាញលើអាជីវកម្មដោយគ្មានក្រមសីលធម៌នឹងកំពុងបានពង្រីកឥទ្ធិពលអោយមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការដូចខាងលើនេះយ៉ាងតឹងរឹងបំផុត ៕