ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះបានបន្តទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញលើលទ្ធផលដែលបានប្រកាស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ថាមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ មានវីរុសកូរ៉ូណាថ្មី (COVID-19) ក្រោយពីបានចាកចេញពីនាវាខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថាបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាត់ទេ។
សូមរំលឹកថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។នាវាយក្សនេះដឹកមនុស្សសរុបជាង ២ពាន់នាក់បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថាខ្លាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕