ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានណែនាំឲ្យ ក្រុមគ្រួ
សារឃាតករ ឬអ្នកពាក់ព័ន្ធឃាតករ ប្រគល់ខ្លួនឃាតករ ឲ្យទៅនគរបាលយុត្តិធម៌ចាត់ការតាមនីតិវិធី
ច្បាប់ទៅកុំអូសបន្លាយពេលវេលាយូរអី ព្រោះកាលណាអូសបន្លាយពេលយូរ គឺថាជាប់ទោសក៏យូរដែរ ថ្ងៃនេះអ្នកអាចបិទបាំងខ្លួនរបស់ឃាតករបានប៉ុន្តែអ្នកមិនអាចបិទបាំងបានរហូតនោះទេ។
លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះក្រោយពីគណនី Facebook មានឈ្មោះវណ្ណារ៉េត ផាន់ ដែលផ្ញើសារមកគំរាមសម្លាប់លោកនោះ បានលុបចេញពីបណ្តាញសង្គម Facebook ហើយ ក្រោយពីលោកប្រកាសដាក់ពាក្យបណ្តឹង។
លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី៧ កុម្ភៈ នេះថា “គណនី Facebook មានឈ្មោះ វណ្ណារ៉េត ផាន់ ដែលផ្ញើសារមកគំរាមសម្លាប់ខ្ញុំ គឺបានលុបចេញពីបណ្តាញសង្គម Facebook ហើយក្រោយពីខ្ញុំប្រកាសដាក់ពាក្យបណ្តឹង។ខ្ញុំគិតថាបើអ្នកជាសាច់ឈាមនៃឃាតករ ដែលបានសម្លាប់គូរដណ្តឹងរបស់ខ្លួនឯងនោះ គឺអ្នកគួរតែប្រគល់ខ្លួនឃាតករនោះ ឲ្យមកទទួលទោសតាមច្បាប់ ដើម្បីបង្កើតយុត្តិធម៌នៅក្នុងសង្គមជាតិ និង ផ្តល់នូវយុត្តិធម៌ដល់ជនរងគ្រោះផង។ហើយអ្នកក៏មិនគួរផ្ញើសារគំរាមសម្លាប់ខ្ញុំដែរ ពីព្រោះខ្ញុំធ្វើតាមតួនាទីរបស់ខ្ញុំ ដោយមិនមែនធ្វើតាមចិត្តនឹកឃើញនោះឡើយ។ម្យ៉ាងវិញទៀតខ្ញុំចូលប្រឡូកក្នុងឆាកនយោបាយនេះ គឺរូបខ្ញុំបានសម្រេចចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួន លះបង់ជីវិត និងលះ
បង់អ្វីៗដែលខ្ញុំមាន ដើម្បីបម្រើសង្គមជាតិខ្មែរនេះហើយ ដូច្នេះការគំរាមរបស់អ្នកមិនមានឥទ្ធិពលមកលើរូបខ្ញុំនោះទេ ហើយសេចក្តីស្លាប់របស់មនុស្សគឺថាគេចមិនផុតទេ គ្រាន់តែថាមុននិងក្រោយគ្នាតែប៉ុណ្ណោះ សូម្បីតែអ្នកគំរាមសម្លាប់ខ្ញុំនេះ ក៏គង់ជួបសេចក្តីស្លាប់នៅថ្ងៃណាមួយផងដែរ ដូច្នេះខ្ញុំសូមឲ្យក្រុមគ្រួសារឃាតករ ឬអ្នកពាក់ព័ន្ធឃាតករ ប្រគល់ខ្លួនឃាតករ ឲ្យទៅនគរបាលយុត្តិធម៌ចាត់ការតាមនីតិវិធីច្បាប់ទៅ កុំអូសបន្លាយពេលវេលាយូរអី ព្រោះកាលណាអូសបន្លាយពេលយូរគឺថា ជាប់ទោសក៏យូរដែរ ថ្ងៃនេះអ្នកអាចបិទបាំងខ្លួនរបស់ឃាតករបាន ប៉ុន្តែអ្នកមិនអាចបិទបាំងបានរហូតនោះទេ ពីព្រោះថ្ងៃណាមួយអ្នកអស់អំណាច គឺអំពើអាក្រក់ នឹងបកត្រលប់ទៅរកអ្នកវិញដោយទ្វេរគុណ..ហើយម៉្យាងវិញទៀតអំពើឃាតកម្ម មិនរលត់អាជ្ញានោះទេ គឺដរាបណាបណ្តឹងនៅបន្តនីតិវិធីនោះ“៕