ភ្នំពេញ៖បន្ទាប់ពីបានពិនិត្យនូវសកម្មភាព នៃការជេរប្រមាណជាសាធារណ:ពីសំណាក់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(អធិរាជមហាសាច់ )មកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចក្នុងនាមក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ខែកុម្ភ:ឆ្នាំ២០២០នោះរួចមក នៅពេលនេះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់សិទ្ធិជូនលោកឧត្តមសេនីយ៍ត្រី ប៉ែន ឫទ្ធី ស្នងការរងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជានីតិបុគ្គលតំណាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រេចដាក់ពាក្យបណ្តឹចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ស្របទៅនឹងអំពើដែលបានប្រព្រឹត្តិដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(អធិរាជមហាសាច់)នោះហើយ ។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារ ណ:ជនពិសេសអ្នក និយមប្រើប្រាស់បណ្តាញសង្គមជ្រាបថាក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណជាអនេកកប្បការចំពោះបងប្អូនមហាជនដ៏ច្រើនលើសលប់ដែល បាន ផ្តល់នូវមតិគាំទ្រចំពោះការអនុវត្តនូវតួនាទីភារកិច្ចរបស់មន្រ្តីនគរបាលជាតិដោយត្រឹមត្រូវស្របតាមច្បាប់ ។
ជាមួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមទទួលយករាល់មតិរិះគន់ពីគ្រប់មជ្ឈដ្ឋានប្រកបដោយន័យស្ថាបនា កែលំអរ ឬឈានដល់ការអនុវត្តវិន័យចំពោះមន្ត្រីនគរបាលដែលប្រព្រឹត្តិផ្ទុយពីវិន័យរបស់កងកម្លាំងនគរបាលជាតិ ប៉ុន្តែពុំអាចទទួលយកបានឡើយ នូវមតិរិះគន់ដែលពោរពេញដោយការជេរ ប្រមាថមាក់ងាយបន្ទាបបន្ថោកដល់សមត្ថកិច្ចនគរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ សូមបងប្អូនចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយសេចក្តីគោរព៕