កម្ពុជាជំរុញមិត្តចិនពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងបង្កើនការទិញផលិតផលកសិកម្ម

0

ភ្នំពេញ៖ លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះតាមរយៈលោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនប្រចាំកម្ពុជាបានជំរុញឲ្យភាគីចិនជួយជំរុញ ដំណើរការនៃកិច្ចចរចារ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ឲ្យបានឆាប់ ព្រមទាំងបន្ថែមលើមុខទំនិញអង្ករ និងឲ្យចិន ជួយទិញផលិតផលកសិកម្មមួយចំនួន បន្ថែមទៀត ដូចជាៈ ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច និងដូងជាដើម។

ក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីប្រគល់រង្វាន់ ជ័យលាភី ក្នុងការប្រកួតប្រជែង តែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ»លោករាជ រ៉ាបានថ្លែងថា ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀត សម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធ សាស្រ្តនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

លោកបន្តថា ការពង្រីកបាននូវទីផ្សារនាំចេញដែលមានលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធ ដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វានឹងជួយឲ្យរដ្ឋាភិបាល អាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការ ស្នើភាគីចិន តាមរយៈ លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្មនិងសេដ្ឋកិច្ចអមស្ថានទូតចិនប្រចាំកម្ពុជាដែលឲ្យភាគីចិនផ្តល់នូវវគ្គបណ្តុះបណ្តាលនិងអាហាររូបករណ៍បន្ថែមទៀតដល់និស្សិតនិងមន្រ្តីរាជការដែលជាយុវជនរបស់ក្រសួងពាណិជ្ជកម្មផ្តោតទៅលើប្រធានបទដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដូចជា៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។ល។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លា។ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០១៨ មានចំនួនជាង ៧ពាន់លានដុល្លា។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន ជាង៦,៣០០លានដុល្លា ហើយនៅឆ្នាំ២០១៩ នេះ រដ្ឋាភិបាលចិន បានផ្តល់កូតានាំអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោន មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រ ជារបស់ក្រុមហ៊ុនចិន ដែលបានផ្តល់ការងារ ជូនប្រជាពលរដ្ឋខ្មែរ រាប់សិបម៉ឺននាក់៕