សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ អាចសម្រេចបានក្នុងរង្វង់៧% ជាមួយនឹងកម្រិតអតិផរណា ២,៣%

0

ភ្នំពេញ ៖ ធានាគារជាតិនៃកម្ពុជា បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ នឹងអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣%។

យោងតាមរបាយការណ៍របស់ ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា «ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣%»។
ធានាគារជាតិ បន្ដថា ការរំពឹងទុកនេះផ្អែកលើការព្យាករណ៍ពីការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផល ដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់គាំទ្រដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ធានាគារជាតិ អះអាងថា ការនាំចេញរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេស ការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជា កំណើនការនាំចេញសម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ៕