ភ្នំពេញ៖ ជាមោទកភាពមួយ សម្រាប់កម្ពុជា ដែលនឹងមានផ្លាកយីហោ Made in Cambodia បិទលើផលិតផល សម្រាប់ល្បែងកម្សាន្ត របស់ក្មេង ដែលផលិត ដោយក្រុមហ៊ុនជប៉ុន ហើយផលិតផលទាំងអស់នេះ គឺនឹងនាំចេញទៅទូទាំងពិភពលោក។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុតជូន ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងប្រតិភូក្រុមហ៊ុន របស់លោកបានចូល ជួបសម្តែងការគួរសម នាពេលនេះ។
លោកក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគ នៅកម្ពុជាមានចំនួន ទឹកប្រាក់ប្រមាណ ៣៧២លានដុល្លារ សហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅរហូត ដល់៤០០លានដុល្លារ សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោកក៏បាន គោរពរាយការណ៍ជូន សម្ដេចតេជោផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួល បានការអនុញ្ញាតឱ្យ ផលិតឧបករណ៍ សម្រាប់ល្បែងកម្សាន្ត របស់ក្មេងទៀត ដែលផលិតផលនេះ គឺនឹងបិតស្លាកថា Made in Cambodia មានន័យថាផលិត នៅកម្ពុជា ហើយផលិតផលនេះ គឺនាំចេញទៅទូទាំងពិភពលោក ។
លោកក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោផងដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន មានកម្មករចំនួន ៧ពាន់នាក់ហើយ ហើយដែលក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ កម្មករនឹងឈានឡើង រហូតដល់២ម៉ឺននាក់ សម្រាប់បម្រើការងារ នៅក្នុងរោងចក្ររបស់លោក ហើយកម្មករទាំងនោះ បានមកពីខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តថា ក្រៅពីការផលិតឧបករណ៍ សម្រាប់ល្បែងកំសាន្តនេះ ក៏មានការផលិត ភ្លើងឆ្លាត ផងដែរ លោកក៏បានគោរព ជម្រាបជូន សម្តេចតេជោ ថាក្រុមលោកបានធ្វើការផលិត អំពូលភ្លើងឆ្លាត ហើយបានផ្គត់ផ្គង់បំពាក់ នៅទីក្រុងភ្នំពេញ និងទីក្រុង សៀមរាប បានចំនួន៦,៨៩២គ្រឿងហើយ ហើយនៅក្រៅប្រទេស ក៏មានបំពាក់ផងដែរ ដោយផលិតផល នៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ ២ម៉ឺនអំពូលហើយ ។ នៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ផងដែរ ។ ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនី បានច្រើន ជួយដល់បរិស្ថានផង ហើយនិងបំភ្លឺភ្លើង តាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នា ទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោកកៃនូម៉ា បានគោរពសុំការគាំទ្រ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រ ផលិតផល ដែលផលិតក្នុងស្រុក ដែលអាចជួយដល់ បរិស្ថានផង ជួយដល់ការសំចៃ ការប្រើប្រាស់ប្រេង និងអគ្គិសនីផង ដោយការប្រើប្រាស់ភ្លើងឆ្លាត នៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនភាព របស់ក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ សម្ដេចតេជោ ធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេ ឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាល ដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយ តែពេលនេះក្រុមហ៊ុនមីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់ និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវ ផលិតផល ដែលមានបច្ចេកវិទ្យាទំនើបៗ ផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើកម្មករកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះ ឈានមុខគេលំដាប់ទី១។
ពាក់ព័ន្ធទៅនឹង ការពិនិត្យឧបករណ៍ ល្បែងកំសាន្ត ដែលបិទស្លាកថា ផលិតនៅកម្ពុជា, សម្ដេចបានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើង បានឈានដល់ ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថាផលិតនៅកម្ពុជា ហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាកំពូលឆ្លាត សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ ដែលរោងចក្រ នាំមកនូវការផលិតកំពូល វៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះ នៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ។
សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូល បី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ , ក្នុងន័យនេះយើងគប្បី ប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយ ការចំណាយថាមពលអគ្គិសនី ផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិត នៅក្នុង ព្រះរាជាណាចក្រកម្ពុជាផង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ របស់ក្រុមហ៊ុនមីនីបៀផងដែរ នូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់ កាត់បន្ថយតម្លៃ សម្រាប់ការផលិត, សម្រាប់ការដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណា សម្រួលការវិនិយោគ ឱ្យអ្នកវិនិយោគមកកាន់កម្ពុជា បានទទួលជោគជ័យ និងមានភាពងាយស្រួល៕