ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលមានថវិកាប្រមាណ ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ពេលមានការបន្ទាន់ហើយថវិកានេះ មិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ និងមាស ៣០តោននៅឡើយនោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចឆ្លុះបញ្ចាំងបានថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ តែតួលេខរបស់ធនាគារជាតិ និងអ្នកឯកទេស គឺកំណើនសេដ្ឋកិច្ច ៧.១ភាគរយ ខណៈអត្រាអតិផរណាមានជាង ២ភាគរយ។ ស្ថានភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ និងអត្រាអតិផរណាជាង ២ភាគរយនេះ គឺជាស្ថានភាពសេដ្ឋកិច្ចដ៏ល្អ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធពីគយ និងពន្ធដារ មកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ ទទួលបានចំនួន ៥,៦៥២លានដុល្លារអាមេរិក លើសផែនការគ្រោងទុកប្រមាណ ១,១០៣លានដុល្លារខណៈ ចំណូលបានពីពន្ធទិញរថយន្ត និងម៉ូតូ មានរហូតដល់ ៥២ភាគរយ៕