ភ្នំពេញ ៖ ចាប់ឆ្នាំ២០១៤-២០១៨ ក្រសួងសង្គមកិច្ច បានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង ជូន អតីតយុទ្ធជន និងយោធិនពិការ។បើតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថាផ្ទះចំនួន ២.៩៦៥ខ្នងនោះសាងសង់ដោយក្រសួងសង្គមកិច្ចបានចំនួន២០១ខ្នង ,សមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះ ចំនួន ១.០៨៤ខ្នង និងក្រសួងរៀបចំដែនដី សាងសង់ផ្ទះ ចំនួន១.៦៨០ខ្នង។
ក្នុងពិធី អបអរសាទសន្និបាតបូកសរុបការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក វង សូត មានប្រសាសន៍ថា “គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក្រសួងបានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី ដោះស្រាយការលំបាករបស់ អតីតយុទ្ធជន និងយោធិនមានពិការភាព តាមរយៈការសាងសង់ផ្ទះចំនួន ២.៩៦៥ខ្នង”។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមថា ជារៀងរាល់ឆ្នាំ ជនមានពិការភាព ប្រមាណ២៨.០០០នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនិងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើដំណើរ ការហូបចុក ស្នាក់នៅក្នុងអំឡុងពេលទទួលសេវា។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លើកឡើងថា ជនមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស ឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ដោយគិតត្រឹមឆ្នាំ២០១៩ មានចំនួន ៦,៦៥២កន្លែង៕