ភ្នំពេញ៖កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងជម្រិតទារប្រាក់។
នគរបាលស្រុកពញាក្រែក បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ មាន ១-ឈ្មោះ ហ័ង រ៉ុងសាន (Huang RongSan) ភេទ ប្រុស អាយុ ២២ឆ្នាំ, ២-ឈ្មោះ យ៉ៅ ហ្វូយ៉ុង (Yao FuYong) ភេទប្រុស អាយុ ២១ឆ្នាំ, ៣-ឈ្មោះ ស៊ា យ៉ុងយូ (Xie YongYou) ភេទប្រុស អាយុ ២២ឆ្នាំ, ៤-ឈ្មោះ ហ័ង គួយឈ័ន (huang guiquan) ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំង ០៤នាក់ មកពីខេត្តគ័ងទុង ប្រទេសចិន និង៥-ឈ្មោះ ម៉ា ជូហ័រ (Ma Chuhua) ភេទប្រុស អាយុ ២២ឆ្នាំ មកពីខេត្តគ័ងចូវ ប្រទេសចិន បានធ្វើសកម្មភាពប៉ុនប៉ងជម្រិតទារប្រាក់ ទៅលើ ជនរងគ្រោះឈ្មោះ យ៉ាន ឡុង (Yan Long) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន រស់នៅខេត្តគ័ងទុង ប្រទេសចិន រួមទាំងវត្ថុតាងដែលត្រូវបានដកហូតរួមមាន ដែកបំពង់ទីបចំនួន ០៤ដើម, កាំបិតចំនួន០២, ស្រោមមុខចំនួន០៥, ស្រោមដៃពណ៌សចំនួន ០៥គូរ, ខ្សែនីឡុង ០១ចង្វាយ, ស្កុត ០១ដុំ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរតាមនីតិវិធី៕