ជំនន់ទឹកភ្លៀងបន្តគំរាមកំហែងផ្លូវជាតិលេខ៤ និងលេខ៤៨ យ៉ាងខ្លាំងក្លា
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៤ និងលេខ៤៨ បានរងគ្រោះដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យផ្នែកមួយចំនួននៃ ផ្លូវជាតិលេខ៤ និងលេខ៤៨ ទទួលរងគ្រោះ។
ក្រសួងសាធារណការ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ ចំណុច PK១៧៣-១៧៤ រងគ្រោះដោយទឹកភ្លៀងបានហូរកាត់ផ្លូវ កំពស់លិចប្រមាណ១០-១៥Cm នឹងបង្កឲ្យច្រោះចិញ្ចើម និងខូចផ្ទៃមួយចំនួន ដែលតម្រូវឲ្យក្រុមការងារ បានត្រៀម និងដាក់ បាវ និងដីខ្សាច់ សំរាប់ជួយទប់បន្ថយកំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចើម។ បើភ្លៀងនៅបន្តធ្លាក់ឥតឈប់បែបនេះ ចំណុចមួយចំនួនទៀត ក៏នឹងអាចរងនូវជន់លិចផងដែរ។
ចំណែក ផ្លូវជាតិលេខ៤៨ ចំណុច PK១៣១-១៣២ ទឹកភ្លៀងហូរលើភ្នំកាត់ផ្លូវ បង្ករអោយច្រោះចិញ្ចើម និងខូចផ្ទៃកៅស៊ូ(តួថ្នល់)។ ក្រុមការងារបានចល័ត Excavator និងត្រៀមបាវ និងដីខ្សាច់ និងបានកាយផ្លូវរំដោះទឹក សំរាប់ជួយទប់បន្ថយកំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចើម និងតួថ្នល់ ។
បច្ចុប្បន្ននេះ ក្រសួងសាធារណការ កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ដោះស្រាយ និងជួសជុលបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ធ្វើដំណើរ៕

