មេប៉េអឹមលើផ្ទៃប្រទេសប្រកាសចាត់វិធានការផ្លូវច្បាប់លើមន្រ្តីដែលពាក់ព័ន្ធឬផ្សំគំនិតប្រព្រឹត្តបទល្មើសព្រៃឈើ

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបានប្រកាសចាត់វិធានការផ្លូវច្បាប់លើជនល្មើសប្រព្រឹត្តបទល្មើសព្រៃឈើ មិនថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ឬមន្រ្តីអនុវត្តច្បាប់ក្នុងគណៈកម្មការនោះឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា
ទទួលស្តាប់រាល់មតិយោបល់ គណៈកម្មការជាតិតែឯងមិនអាចការពារព្រៃឈើបានទេ។
គប្បីមេត្តាចូលរួមគាំទ្រ៖១ _ក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្ត ចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានតឹងរឹង។ តាមការពិនិត្យ ដីសម្បទានមួយចំនួនមិនអាចដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង។
២_ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៏ដាច់ខាត ។
៣ _បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថាកាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។
៤_លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ។
សូមរំលឹកថា មួយរយៈពេលចុងក្រោយនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់និងដុតបំផ្លាញចោលនៅនឹងកន្លែងនូវមធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើផងដែរ៕