នាយករដ្ឋមន្ត្រី​តែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ក្រោយលោក យន្ត មីន លាលែងពីតំណែង

0

ភ្នំពេញ៖​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៤មិថុនានេះបានសម្រេចដកតំណែង អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងតែងតាំង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមឲ្យកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត
ព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ
វិញ។

ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ
យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង”។
សម្ដេចតេជោបញ្ជាក់បន្ថែមថា”ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន
ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”៕