ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថាក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់វារីអគ្គិសនីរបស់កម្ពុជា បញ្ចេញថាមពលបាន៦០០មេហ្គាវ៉ាត់ ក្នុងចំណោមជិត១៤០០មេហ្គាវ៉ាត់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈការដាច់ភ្លើងនៅតែបន្តកើតមានមាននិងមានការរអ៊ូរទាំពីប្រជាពលរដ្ឋឥតឈប់ឈរ។
ក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំ កាកបាទក្រហមកម្ពុជា»សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “ជាកុសលល្អក្នុងប៉ុន្មានអាទិត្យនេះ យើងទទួលបានភ្លៀងធ្លាក់ ហើយនៅព្រឹកមិញនេះ ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ស៊ុយ សែម ដែលបានបញ្ចូនមកខ្ញុំ ជាលើកដំបូងរយៈពេលប៉ុន្មានខែនេះ ដែលវារីអគ្គិសនីរបស់យើង បញ្ចេញបាន៦០០មេហ្គាវ៉ាត់ ក្នុងចំណោមជិត១៤០០មេហ្គាវ៉ាត់”៕