«ក្រុងភ្នំពេញ» ៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថារយៈពេល៣ខែដើមឆ្នាំ២០១៩នេះអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង៥០០នាក់ហើយក្នុងមួយថ្ងៃស្លាប់ចាប់ពី៩ទៅដល់១១នាក់ខណៈឆ្នាំ២០១៨ចំនួនអ្នកស្លាប់មានជាមធ្យម៤ទៅ៥នាក់តែប៉ុណ្ណោះក្នុងមួយថ្ងៃ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី ទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា នាថ្ងៃទី១មេសា លោក រុន រ័ត្នវាសនា បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ជាមធ្យមមានអ្នក៤នាក់ ទៅ៥នាក់ក្នុង១ថ្ងៃ។
លោកបញ្ជាក់ថា “ឆ្នាំ២០១៩នេះអ្វីដែលយើងកង្វល់នឹងថា មកដល់នេះ ក្នុងមួយខែ៣នេះ អ្នកស្លាប់ជាង៥០០នាក់។ហើយថ្ងៃខ្លះមានទៅដល់៩នាក់ ហើយថ្ងៃខ្លះមានរហូតដល់១១នាក់ នេះហើយជាបញ្ហា”។
សូមរំលឹកថា ពលរដ្ឋខ្មែរចំនួនជិត២ពាន់នាក់បានស្លាប់ និងរងរបួសជិត៥ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៨ហើយកក្នុងមួយឆ្នាំកម្ពុជាខាតបង់៣៥០លានដុល្លារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ៕