«ក្រុងភ្នំពេញ»៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដាច់ខាតមិនឲ្យមន្រ្តីនគរបាលពាក់ព័ន្ធជាមួយគ្រឿងញៀន នៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ។
ឧត្តមសេនីយ៍ឯក ស ថេតបានបញ្ជាក់តាមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥មីនានេះថា”ញុំសង្កេតឃើញថា ចំនួនមន្រ្តីនគរបាលដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។
នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានជម្រាបជូនអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេសដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេសទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ”៕