«ក្រុងភ្នំពេញ»ក្រោយមានការទទូចសុំយុត្តិធម៌ពីក្រុមគ្រួសារជនរងគ្រោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសន្យាវែកមុខជនបង្ករកយុត្តិធម៌ជូនគ្រួសារសពជនរងគ្រោះដែលត្រូវមន្រ្តីនគរបាលស្រុកព្រះស្ដេចបាញ់សម្លាប់ក្រោយចោទថាជាចោរលួចរថយន្តកាលពីម៉ោង២៣និង០០នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមរំលឹកថាកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងមានកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយគ្រឿងក្រោយមានពាក្យបណ្ដឹងថាអ្នកបើករថយន្តខាងលើបានលួចរថយន្តចេញពីភ្នំពេញឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹងមកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS ទើបកម្លាំងនគរបាលស្រុកព្រះស្តេចរួមជាមួយកម្លាំងអាវុធហត្ថផងបានដេញរហូតយករថយន្តមួយគ្រឿងទៅពាំងហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ដែលកំពុងនៅខាងក្នុងរថយន្តរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់តាមហ្វេសប៊ុកថា”ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង ជូនសង្គមជាតិយើងទាំងមូល”។
បន្ថែមពីនេះសម្ដេចក៏បានសម្ដែងការសោកស្តាយប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនិងសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និង សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក ម៉ន វុធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕