ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការចែកចាយគ្រឿងញៀននៅតាមទីជនបទ តាមភូមិ ឃុំគ្មានការថយចុះនោះទេ ខណៈរយៈពេលចុងក្រោយនេះ អាជ្ញាធរបង្ក្រាបករណីធំៗ ជាបន្តបន្ទាប់។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨កន្លងទៅនេះ បទល្មើសគ្រឿងញៀនសរុបដែលបង្ក្រាបបានចំនួន៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ បានចំនួន១៦ ២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន។
ថ្លែងនៅក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានបានបញ្ជាក់ថា «ពីមុនខ្ញុំសន្និដ្ឋានថា ករណីគ្រឿងញៀនវានឹងអាចថយដោយសារ ចាប់ករណីធំៗ បានច្រើន ប៉ុន្តែ ការចែកតាមភូមិ–ឃុំហ្នឹង គឺវាមិនថយនោះឡើយ។ ចំណែកទីកម្សាន្តនានា ស្ទើរតែទាំងអស់ ដែលមានប្រើប្រាស់គ្រឿងញៀន»៕