ភ្នំពេញ៖ ហេតុការណ៍ថ្មីមួយទៀតហើយត្រូវបានសមត្ថកិច្ចក្នុងទឹកដីខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយយកសាច់ជូលក់ ឲ្យជនរងគ្រោះ បន្លំថាថ្នាំញៀន ដោយហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ និងឃាត់ខ្លួនជនបង្កខាងលើនៅថ្ងៃទី១៤ កុម្ភៈ ម្សិលមិញ ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩: ០០នាទី នៅតំបន់ភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ មានហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញា ។ ជនរងគ្រោះត្រូវបាជនសង្ស័យ យកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងកខាងស្តាំបណ្តាលដួលស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយហេតុការណ៍សមត្ថកិច្ចជំនាញបាន ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់កំណត់មុខសញ្ញាបាន ហើយឈានទៅចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧ :០០នាទី ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថារូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះជនសង្ស័យបានយកសាច់ជូបន្លំធ្វើជាថ្នាំញៀន (ម៉ាទឹកកក) ដើម្បីលក់ទៅឲ្យជនរងគ្រោះ ក្នុងតម្លៃ ៣៥,០០០រៀល ពេលដែលជនរងគ្រោះយកទៅប្រើប្រាស់ ទើបដឹងថា ជាសាច់ជូ ក៏បានទៅរករឿងជនសង្ស័យ និង បានឈ្លោះគ្នា យកដាវដេញកាប់ជនសង្ស័យ ជនសង្ស័យក៏ទាញដែកឆាបដែលទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ រហូតដល់ស្លាប់ នៅនឹងកន្លែងកើតហេតុ៕