ភ្នំពេញ៖ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍នោះពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
យោងតាមសារាចរណែនាំពង្រឹងសុវត្ថិភាពចំណីអាហារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍និងអាហារដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងបន្ថែមថាកន្លងមកក្រសួងទេសចរណ៍សង្កេតឃើញមានការអនុវត្តតាមខ្លឹមសារនៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវចំពោះអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេសដោយឡែកក៏នៅមានអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍មួយចំនួនមិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តនឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ៕