រដ្ឋមន្រ្តីមហាផ្ទៃចូលរួមរំលែកទុក្ខចំពោះពលរដ្ឋរងគ្រោះដោយសារផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចូលរួមរំលែកទុក្ខចំពោះគ្រួសារសព និងអ្នករងរបួស៩នាក់ផ្សេងទៀតដែលទទួលរងគ្រោះថ្នាក់ដោយសារផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រនៅខេត្តត្បូងឃ្មុំ។
យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង នៅរសៀលនេះបានបញ្ជាក់ថា”
ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំចំពោះការទទួលមរណភាព​ និងការរង
របួស​របស់បងប្អូនប្រជាពលរដ្ឋ​ ដោយសារការផ្ទុះក្បាលគ្រាប់​ នៅឃុំជីរោទិ
ទី១​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។
សូមឲ្យវិញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយនិងសូមឱ្យអ្នករបួសឆាប់បានជាសះស្បើយ​។ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិចូលរួមអនុវត្ត​គោលនយោបាយ​ភូមិ​ ឃុំមាន​ សុវត្ថិភាព​ ដែលក្នុងនោះក៏មាននិយាយពី
ការប្រុងប្រយត័្ន​គ្រាប់មិនទាន់ផ្ទុះផងដែរ”។
សូមរំលឹកថានៅព្រឹកថ្ងៃទី១៤មករា វេលាម៉ោង៨និង៣០នាទី មានករណីផ្ទុះក្បាលគ្រាប់ប្រភេទ១០៥ នៅចំណុចភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសចំនួន៩នាក់ ក្នុងនោះ របួសធ្ងន់ចំនួន០៥នាក់ ស្រាលចំនួន០៤នាក់។
មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារពលរដ្ឋខ្មែរឥស្លាមម្នាក់ បានយកក្បាលគ្រាប់ខាងលើមកស្លជាមួយសំណដើម្បីសម្រាប់ដាក់ជើងអួន(ម៉ាញ់) ក៏បណ្តាលឲ្យផ្ទុះគ្រាប់ផ្លោងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសដូចខាងលើ។
បច្ចុប្បន្ន ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯសាកសពសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យកំណត់ហេតុដើម្បីបន្តនីតិវិធី៕