ភ្នំពេញ៖ កាលពីដើមឆ្នាំថ្មី២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញonlineម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។
តែនៅយប់ថ្ងៃទី១១ខែមករាឆ្នាំ២០១៩សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ។
តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebookឲ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕