ពលករកម្ពុជាប្រមាណជាង៩ពាន់នាក់កំពុងធ្វើការនៅប្រទេសជប៉ុន

0

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាគិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅ ជប៉ុន មានចំនួន ប្រមាណជាង៩ពាន់នាក់។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភា កិច្ចការបរទេស និងការពារជាតិ​រដ្ឋ​សភា​ ជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនបើកជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលនិងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុនខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មីសម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនូវកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។ជាមួយគ្នានេះជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាងនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនទាំងអស់ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថានៅក្នុងចំណោមជាដៃគូប្រទេសជប៉ុនដែលបញ្ជូនពលករទៅធ្វើការនៅទីនោះមានចំនួន១៥ប្រទេស ហើយចំនួនដែលបានបញ្ជូនទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧៕