ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មានគ្រោងនឹងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជាតិបន្ថែមលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសំឡេង។ នេះបើយោងតាមគេហទំព័រក្រសួងព័ត៌មាន។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនិងវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី២ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះគឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនិងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសំឡេងតែប៉ុណ្ណោះ។
លោករដ្ឋមន្រ្ដីបានលើកឡើងថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាពខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជននិងប្រិយ មិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជាតិឱ្យកាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏មានគម្រោងបង្កើតកន្លែងផ្ទុក ទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែល បន្សល់ទុកជាយូរមកហើយ។លោករដ្ឋមន្រ្តីបានបន្ថែមថា បច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំ ចំនួន៥១២អង្គភាព ព័ត៌មានព្រឹតិ្ដបត្រដែលផ្សាយតាមអនឡាញចំនួន៧២អង្គភាព ស្ថានីយទូរទស្សន៍ ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥៕