ព្រមានហើយមិនធ្វើតាមសមត្ថកិច្ចប្រើវិធានការក្ដៅចុះរុះរើនិង​ស្ទូច​យក​សម្ភារៈ​សំណង់​គ្មានសណ្ដាប់ធ្នាប់នៅព្រះសីហនុ​ 

0

ភ្នំពេញ​៖​ លោក​វរសេនីយ៍ទោ​ ញាន​ សា​រឿ​ន​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ទទួលផែនសណ្តាប់ធ្នាប់​ បាន​ឲ្យ​ដឹង​ថា​ក្រុមការងារ​ចំរុះ​រៀបចំ​សណ្តាប់ធ្នាប់បានប្រើ​វិធានការ​ក្តៅ​គគុក​ចំពោះ​ការដ្ឋាន​សំណង់​ដែល​មិន​គោរព​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​​ដោយស្ទូច​យក​សម្ភារៈ​សំណង់​ របស់​ជនបរទេស​ ដែល​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ ចំនួន​១៨​ការដ្ឋាន​។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​លោក​ញាន​ សា​រឿ​ន​ បាន​បញ្ជាក់​ថា​ ក្រុមការងារ​បាន​ស្ទូច​យក​សំភារៈ​សំណង់​ចំនួន​១៨​ការដ្ឋាន​ អប់រំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ចំនួន​៦​ការដ្ឋាន​ ដែល​កំណត់​ឲ្យ​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ត្រូវ​លើក​ចេញ​ឲ្យ​ផុត​ បើ​មិន​ព្រម​អនុវត្ត​ទេ​ ក្រុមការងារ​នឹង​ស្ទូច​យក​ទាំងអស់​។​

​ក្នុង​នោះ​ដែរ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​សង្កាត់​លេខ​៤​ ត្រូវ​បាន​បិទ​មិន​ឲ្យ​សាងសង់​។​ សំភារៈ​ដែល​ស្ទូច​យក​ មាន​ដែក​ ឥដ្ឋ​ ឈើ​ ម៉ាស៊ីន​កាត់​ដែក​មួយ​គ្រឿង​ និង​ម៉ាស៊ីន​ពត់​ដែក​ចំនួន​២​គ្រឿង​ បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ក្នុង​ទីលាន​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ ការដ្ឋាន​ទាំង​១៨​ទីតាំង​នោះ​ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​ ចំនួន​៦​កន្លែង​ និង​ សង្កាត់​លេខ​៤​ ចំនួន​១២​កន្លែង​ ៕​