សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯកដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមដែនអធិបតេយ្យភាពកម្ពុជា

0

ភ្នំពេញ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​រណសិរ្ស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង នា​រសៀល ថ្ងៃអាទិត្យ ២​កើត ខែ​ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​។
គួ​រំលឹក​ផង​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ព្រះ​វិហារ កាលពី​ថ្ងៃ​សៅរ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ជន្មាយុ ៦៧​ឆ្នាំ ។

មរណភាព​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជា​ការ​បាត់បង់​នូវ​ឧត្តម​ស្វាមី ឪពុក ឪពុកក្មេក និង​ជីតា ដែល​ប្រកប ដោយ​ព្រហ្ម​វិហារធម៌​ជាទី​គោរព​ស្រលាញ់​បំផុត​ដែល ឧត្តមសេនីយ៍ទោ បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ផ្តល់​ដំបូន្មាន​ល្អ​ៗ ដល់​កូន ក្មួយ និង​ចៅ​ៗ ឱ្យ​ក្លាយទៅជា ធនធានមនុស្ស​ដ៏​មាន​តម្លៃ ប្រកបដោយ​គុណធម៌​នៅ​ក្នុង​សង្គម​ជាតិ ជា​ពិសេស​គឺ​បាត់បង់​ឥស្សរជន​ស្នេហា​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម ដែល​បាន​រួមចំណែក យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ជាមួយ​ខ្មាំង​សៀម ដែល​កំពុងធ្វើការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​យើង​។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​ចូលរួម​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន និង​ស្វិតស្វាញ​ប្រឆាំង​ជាមួយ​ពួក​ចោរ​សៀម​ឈ្លានពាន​ដែល បាន​បង្ហាញ​គំរូ​វីរភាព​ដែល​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចង​ចាំ​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ​។

នៅ​ក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកស្រី អ៊ុ​ក ស៊ុន​រ៉ា​នី ព្រមទាំង​ក្រុម​គ្រួសារ និង​សូម​បួងសួង ដល់​តេជៈ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK