សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ក្នុងសមរភូមិឈ្លានពានរបស់កងទ័ពថៃ

0

ឧត្តរមានជ័យ​៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អមដំណើរ​ដោយ ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជ​កម្ពុជា បាន​អញ្ជើញ​គោរព​វិ​ញ្ញាន​ក្ខ​ន្ធ​សព​វីរ​កងទ័ព​ពលី​២​រូប នៃ​កងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិ​ភាគ​ទី​៤ ក្នុង​សមរភូមិ​ឈ្លានពាន​ពី​កងទ័ព​ថៃ នៅ​ប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ​។

ក្នុង​វេលា​ដ៏​សោកសៅ និង​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន សូម​ចូលរួម​រំលែក​ទុក្ខ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ចំពោះ​មរណភាព​របស់​លោក​អនុសេនីយ៍ទោ ក្លប រាយ និង លោក ព្រិ​ន្ទ​បាល​ឯក ឡោក ម៉ៅ ជា​កងទ័ព​នៅ​កងពលតូច​ថ្មើរជើង​លេខ​៤២ ដែល​ទទួលមរណភាព ក្នុង​សមរភូមិ​មុខ​នៅ​ព្រំដែន ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ខេត្តឧត្តរមានជ័យ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ចាត់​ទុក​ការ​បាត់បង់ លោក​អនុសេនីយ៍ទោ ក្លប រាយ និង លោក​ព្រិ​ន្ទ​បាល​ឯក ឡោក ម៉ៅ ថា ជា​ការ​បាត់បង់​នូវ​ស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុស​ជាទី​ស្រឡាញ់ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ ហើយ​ក៏​ជា​ការ​បាត់បង់​នូវ​យោធិន​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជា​ពិសេស លោក​បាន រួមចំណែក​យ៉ាង​សកម្ម នៅ​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ដើម្បី​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​។

ក្នុង​នាម សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន មាន​ប្រសាសន៍​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​រាជរដ្ឋាភិបាល សូម​ដឹងគុណ​វីរភាព អង់អាច ក្លាហាន និង​ពលី​របស់​យុទ្ធ​ជន​ទាំង​ពីរ​រូប និង​ជា​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ការ​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី និង​អធិប​តយ្យ​ភាព ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​តែងតែ​រក្សាសុខ​សន្តិភាព ស្ថិរភាព និង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ជា​មិត្ត​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ពេល​កម្ពុជា​រង​ការ​វាយប្រហារ ឈ្លានពាន​ពី​កងទ័ព​ថៃ​ឥត​ឈប់​ឈរ​រហូត​ធ្វើ​ឱ្យ​កងទ័ព​បាន​បាត់បង់​អាយុជីវិត ប៉ុន្តែ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​បាន​តម្កល់​ការ​តស៊ូ​របស់​កងទ័ព​ជួរ​មុខ ជា​ស្មារតី​ខ្មែរ​តែ​មួយ ហើយ​គាំទ្រ​ជា​និច្ច​ទាំង​ស្មារតី និង​ធនធាន​ផ្ទាល់ខ្លួន​ជូន​ចំពោះ​កងទ័ព​ជា​ដរាប ដើម្បី​បង្ហាញ​ពី​មនសិកា​ស្នេហា​ជាតិ​។

ជា​ចុង​ក្រោយ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​គាំទ្រ និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ការពារ​ដាច់ខាត​ចំពោះ​បូរណភាព​ទឹកដី និង​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក ជម្លៀស​មក​ពី​តំបន់​ប្រឈម​ដោយ​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ​៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា