នៅពេលឆាប់ៗខាងមុខនេះ កម្ពុជាអាចប្រើប្រាស់​ QR Code សម្រាប់ ប្រត្តិបត្តិការផ្ទេរសាច់ប្រាក់ក្នុងតំបន់អាស៊ានទាំងមូល

0

រហូតមកដល់ពេលនេះ កម្ពុជាកំពុងរៀបចំជាមួយប្រទេសចំនួន៩នៅក្នុងតំបន់អាស៊ាន ដើម្បីឈានឆ្ពោះទៅធ្វើប្រត្តិបត្តិការផ្ទេរសាច់ប្រាក់ប្រកបដោយសុវត្តិភាព។

យោងតាមធនាគារជាតិនៃកម្ពុជាបានអោយដឹងថា កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ដែលធ្វើឡើងតាមរយៈ​ QR Code នេះ បានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយធនាគារកណ្តាលកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បន្ទាប់មកបានបន្ថែមសមាជិកពីធនាគារកណ្តាលវៀតណាម ក្នុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។

ការកើនឡើងនៃសមាជិកភាពចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានបង្ហាញពីសក្តានុពលនៃការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុង អាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញ សមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។

នៅក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល លើកទី១២ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធនាគារជាតិនៃកម្ពុជាឆ្លៀតឱកាស ធ្វើអនុស្សរណៈយោគយល់គ្នាបន្ថែមទី៤ ស្តីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ ជាមួយ ធនាគារជាតិនៃម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមគ្រប់លក្ខខណ្ឌនៃការធ្វើប្រត្តិបត្តិផ្ទេរនិងទូទាត់ប្រាក់តាមរយ:​ QR Code នេះ អាចធ្វើឡើងដោយសុវត្តិភាពនិងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថាកំណើនសមាជិកចូលរួមក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ នឹងជំរុញកំណើនសេដ្ឋកិច្ចនិងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន។ កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានរៀបចំឡើង ក្នុងគោលបំណងសម្រួលការទូទាត់ សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន ក្នុងតម្លៃសមរម្យ មានតម្លាភាព និងប្រកបដោយបរិយាបន្ន ។

ទន្ទឹមនេះវាគឺជាការតភ្ជាប់ការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសផ្សេងៗនិងច្រកទ្វារទូទាត់អន្តរជាតិក្នុងតំបន់ ដែលរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្ទេរប្រាក់ ព្រមទាំងពង្រឹងកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ និងលើក កម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកផងដែរ៕