បើគិតមកត្រឹមដើមខែមេសា ឆ្នាំ២០២៥ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ(ប្រវែងសាច់ស្ពាន៨៤៥,៧០ម៉ែត្រ)គិតរយៈពេលជាងមួយឆ្នាំមកនេះសម្រេចបាន៣០,៩៥ភាគរយ ហើយរំពឹងថា នឹងសម្រេចបានមុនផែនការគ្រោងទុក។
ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងគម្រោងបញ្ចប់ការសាងសង់មុនថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦។ គម្រោងសាងសង់ស្ពាននេះដែរមានតម្លៃ៦០លានដុល្លារ ដែលកម្ពុជាទទួលបានពីកម្ចីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មាន People’s Daily របស់ចិន កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោក អ៊ូ លាងវ៉ិ អគ្គនាយករងក្រុមហ៊ុនសំណង់សៀងហៃប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា តាមផែនការគម្រោងសាងសង់ស្ពាននេះមានរយៈពេល ៤២ខែ ហើយនៅពេលនេះនៅសល់២៩ខែ ទៀត នឹងសម្រេចបានជាស្ថាពរ។ លោកបន្ដថា ស្ពាននេះដែរមានទទឹង២៧ម៉ែត្រ មាន៤គន្លងសម្រាប់រថយន្ត ២កន្លងសម្រាប់ម៉ូតូ និង ២គន្លងទៀតសម្រាប់ថ្មើរជើង ខណៈស្ពាននេះបានដំណើរសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃនិងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ លោក អ៊ូ លាងវ៉ិ បានថ្លែងបញ្ជាក់ថា៖ «បច្ចុប្បន្នស្ពាននេះមានបុគ្គលិកសរុបចំនួន៣៧២នាក់ ក្នុងនោះអ្នកគ្រប់គ្រងជនជាតិចិនមាន៤២នាក់ កម្មករជនជាតិចិនមាន៧៩នាក់ បុគ្គលិកជនជាតិខ្មែរសរុប២៥១នាក់»។
លោកអគ្គនាយករងក្រុមហ៊ុនបានបញ្ជាក់ទៀតថា បន្ទាប់ពីសាងសង់ស្ពាននេះរួចរាល់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ផ្លូវ៦០ម៉ែត្រ បានប្រមាណ៧០ភាគរយជាក់ពុំខាន។ លោកបានបញ្ជាក់ឱ្យដឹងថា ការសាងសង់ស្ពាននេះគោលដៅសំខាន់គឺជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ រួមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាមានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងមហាវិថីឈុនគង់ខាងកើត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្រខាងត្បូងរាជធានីភ្នំពេញ៕