Home សង្គម អភិបាលខេត្តកំពង់ចាម បង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

អភិបាលខេត្តកំពង់ចាម បង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

0

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះផងដែរ ក្រៅពីការរៀបចំផែនការស្នូលសំខាន់ៗ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្រេចបង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ កក្រុងកំពង់ចាម ដោយសូមអញ្ជើញបងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង១៤:៣០នាទីរសៀល តទៅ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានបញ្ជាក់ពីអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) នេះដូចខាងក្រោម៖ អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖ ១. លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។ ២. សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍: ថ្នាំសហស្សគុណ= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។ ៣. សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។ អត្ថន័យ នៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ ៖ ១. គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។ ២. លៀសហាល ជាអាហារ មួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

អត្ថន័យ នៅក្នុងការដឹកនាំ ៖ ១. មានការចូលរួមយ៉ាងច្រើនលើសលប់។ ២. សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ដែលខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ៕

Previous articleអភិបាលខេត្តកំពង់ស្ពឺ ៖ ពិធីប្រណាំងរទេះសាឡីគោលឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងចេញពីការផ្ដួចផ្ដើមគំនិត របស់អ្នកខេត្តកំពង់ស្ពឺ
Next articleសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំចរចាជាមួយអាម៉េរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល