សម្តេចបវរធិបតី ហ៊ុន ម៉ាណេត៖ កម្ពុជាត្រូវរកវិធីពង្រីកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចហាមឃាត់ពលរដ្ឋមិនឱ្យទិញឡាន ទិញម៉ូតជិះបាននោះទេ តែយើងត្រូវរកវិធីក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញនោះទើបជាការត្រឹមត្រូវ ព្រោះបើពលរដ្ឋកាលណាគាត់មានលុយហើយគឺគាត់ទិញឡាន ទិញម៉ូតូជិះហើយ ហើយយើងក៏មិនអាចកំណត់ថា ក្នុងមួយគ្រួសារឱ្យមានម៉ូតូប៉ុន្មាន មានឡានប៉ុន្មានបាននោះទេ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលដូចនេះធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន ជាដើម គឺយើងមិនត្រូវដើរថយក្រោយទេ គឺត្រូវតែបុរេសកម្ម ព្រោះវាទាមទារឱ្យយើងត្រូវបន្តធ្វើបន្ថែមទៀត។

សម្តេចបាន គូសបញ្ជាក់ថា សម្តេចខ្ជិលឆ្លើយតបចំពោះអ្នកដែលនិយាយថាយើងអត់បានធ្វើអ្វីនោះ ផ្ទុយទៅវិញ សម្តេចគិតតែដើរសម្ពោធសមិទ្ធផល និងបើកការដ្ឋានឱ្យបានកាន់តែច្រើនទៅនោះគឺវាចប់រឿងទៅហើយ ពោលគឺអ្នកឯងកាន់តែថា ខ្ញុំកាន់តែធ្វើឱ្យបានកាន់តែច្រើន ហើយធ្វើហើយដាក់ជូនពលរដ្ឋប្រើប្រាស់ ដោយឥតបង់លុយ តួយ៉ាងដូចជាស្ពានអាកាសមរតកតេជោដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ពេលនេះជាដើម ដែលនេះហើយគឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសជាតិរបស់យើងនៅលើគ្រប់វិស័យ ទាំងអស់ ដោយយើងមិនអាចមើលតែរឿងណាមួយបាននោះទេ គឺគ្រប់រឿងទាំងអស់វាមានបញ្ហា វាគ្មាន អ្វីដែលថាគ្រប់គ្រាន់ ហើយអត់មានបញ្ហានោះទេ យើងត្រូវរួមគ្នាបន្តដោះស្រាយក្នុងវិស័យនីមួយៗជា ជំហានៗ ពីសមិទ្ធផលមួយ ទៅសមិទ្ធផលមួយ តាមពាក្យខ្មែរមួយឃ្លាថា «តក់ៗពេញបំពង់» ការដើរ១០០ ជំហាន គឺត្រូវតែចាប់ផ្តើមពីជំហានទី១ ដែលថ្ងៃនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតលើជំហានជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលយើងនឹងមិនឈប់ទេ យើងនឹងបន្តធ្វើដំណើរជាបន្តទៅ ទៀត ដើម្បីឱ្យពលរដ្ឋកាន់តែងាយស្រួល និងការជាឆ្លើយតបទៅនឹងកំណើននៃរថយន្ត និងម៉ូតូ ក៏ដូចជា កំណើនរបស់ប្រជាជនកម្ពុជា ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានការកំណត់ដូចប្រទេសខ្លះសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងការទិញឡានមកប្រើប្រាស់នោះទេ តែផ្ទុយទៅវិញគឺមានតែការលើកទឹកចិត្តឱ្យទិញ ហើយរដ្ឋគឺជាអ្នកខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋប្រើប្រាស់ រៀបចំមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលរថយន្តក្រុងត្រូវតែពង្រីកបន្ថែម។

ចំពោះការដោះស្រាយការកកស្ទះចរចរណ៍ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថា វាមិនមែនត្រឹមតែកសាងផ្លូវបន្ថែមទៀតនោះទេ គឺយើងត្រូវគិតគូអំពីការរៀបចំចរន្តនៃចរាចរណ៍ផងដែរ ដោយសម្តេចបានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលរាជធានីភ្នំពេញរួមគ្នាពិភាក្សាក្នុងការរៀបចំលំហូរចរាចរណ៍ឱ្យបានល្អដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ដោយមិនត្រូវរៀបចំតែតាមប្លុក នោះទេ គឺត្រូវរៀបចំនៅទូទាំងរាជធានីភ្នំពេញ ព្រោះវាមានភាពប្រទាក់ក្រឡាគ្នាពីផ្លូវមួយទៅផ្លូវមួយ៕