មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ពីទីក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិ បឹងពារាំង មានផ្ទៃដីអភិរក្សលាតសន្ធឹងប្រមាណ៣០០០ហិកតា និងផ្ទៃទឹកប្រមាណ២៥០ហិកតា នារដូវប្រាំង ។បឹងពារាំងគឺជាតំបន់អភិរក្ស ទីជម្រកមច្ឆាជាតិ និងជីវៈចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទអាស្រ័យនៅ និងស្វែងរកចំណីអាហារជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសហគមន៍ រួមជាមួយអាជ្ញាធរផង បឹងពារាំងបានប្រែក្លាយមកជាមណ្ឌលដ៏សុខសាន្តសម្រាប់ ត្រីមេពូជ អភិរក្សព្រៃលិចទឹក និងសត្វស្លាបទឹក ដែលញុំាងឱ្យតំបន់នេះ ក្លាយទៅជាតំបន់គោលដៅទាក់ទាញមួយ អាចឱ្យទេសចរមកទស្សនា និងផ្តិតយករូបភាពនៃទេសភាពបៃតងដ៏ស្រស់ត្រកាល។
ដើមឡើយបឹងពារាំងជាបឹងធម្មជាតិមួយ ដែលប្រជាពលរដ្ឋតែងធ្វើនេសាទលក្ខណៈគ្រួសារ និងអាស្រ័យផលអនុផលធនធានធម្មជាតិជាយូរលង់ណាស់មកហើយ។ បន្ទាប់មកក្នុងឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមពីប្រធានសហគមន៍ និងបងប្អូនអ្នកស្ម័គ្រចិត្តជាង៣០គ្រួសារ បានរួមគ្នាបង្កើតជាតំបន់អភិរក្ស ក្នុងគោលដៅការពារតំបន់ព្រៃលិចទឹក រួមនិងជីវៈចម្រុះទាំងឡាយ ឱ្យបានគង់វង្សរហូតដល់កូនចៅជំនាន់ក្រោយ។
លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ក្រោយពេលរួមគ្នាបង្កើតឱ្យក្លាយជាតំបន់អភិរក្ស ការពារ ទប់ស្កាត់បទល្មើសនានា សហគមន៍ជួបភាពចម្រូងចម្រាស់យ៉ាងច្រើនជាមួយក្រុមអ្នកនេសាទ ឬប្រជាពលរដ្ឋមួយចំនួន ដែលមិនបានយល់ដឹងពីសារសំខាន់នៃជីវៈចម្រុះ និងធនធានធម្មជាតិ។ បន្ទាប់ពីគំនិតផ្តួចផ្តើមបានមួយឆ្នាំ សហគមន៍ក៏ទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យទីនេះក្លាយជាតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានគង់វង្ស។
លោកបានបន្តទៀតថា កិច្ចការងារអភិរក្សជាច្រើន សហគមន៍បានរួមគ្នាធ្វើឡើងដោយស្ម័គ្រចិត្ត រួមទាំងការងារយាមល្បាត ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ បានបញ្ចប់ការស្តារស្រះ ដែលមានជម្រៅជ្រៅៗ ដើម្បីជាទីជម្រកនៃត្រីមេពូជរាប់សិបប្រភេទពឹងអាស្រ័យ បង្កើនធនធានធម្មជាតិឱ្យបានប្រសើរឡើងជាប្រចំា។
ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍បឹងពារាំង បានបន្តទៀតថា ក្រៅពីត្រីមេពូជ ដូចជា៖ត្រីឆ្តោ ត្រីរ៉ស់ ត្រីក្រាយ ត្រីឆ្លាត រួមនឹងត្រីជាច្រើនប្រភេទទៀត បឹងពារាំងក៏ជាទីជម្រកនៃជីវៈចម្រុះកម្រៗច្រើនប្រភេទ រួមទាំងសត្វស្លាប សរុបជិត២០០ប្រភេទពឹងអាស្រ័យជាប្រចាំផងដែរ។
បើតាមលោក ភុត ផានិត បានឲ្យដឹងបន្ថែមទៀតថា បឹងពារាំងមិនត្រឹមជាកន្លែងអភិរក្ស ជាទីជម្រកនៃជីវៈចម្រុះទាំងឡាយពឹងអាស្រ័យយ៉ាងសុខសាន្តប៉ុណ្ណោះឡើយ ប៉ុន្តែទីនេះបានទាក់ទាញទេសចរឱ្យចូលមកទស្សនាមិនចេះដាច់ និងបានប្រសិទ្ធនាមឱ្យបឹងពារាំងថា៖ ទីកន្លែងដ៏ស្រស់ស្អាតបំផុតលើពិភពលោក។
លោក ម៉ុយ មាន អាយុជាង៤៤ឆ្នាំ សមាជិក សហគមន៍ទេសចរណ៍បឹងពារាំងបានឱ្យដឹងថា៖ ដើមឡើយរូបលោកក៏ជាអ្នកពឹងអាស្រ័យលើធនធានធម្មជាតិក្នុងសហគមន៍ជាចម្បង ប៉ុន្តែជាបន្តបន្ទាប់លោកតែងសង្កេតឃើញពលរដ្ឋខ្លះ តែងឆ្លៀតឱកាសប្រព្រឹត្តិសកម្មភាពផ្ទុយនឹងច្បាប់ ក្នុងរបរនេសាទ និងធនធានធម្មជាតិ ទើបលោកសម្រេចចិត្តចូលរួមជាសមាជិកសហគមន៍ដើម្បីការពារបឹងនិងព្រៃសហគមន៍។ ក្នុងនាមជាសមាជិក និងជាអ្នកប្រកបរបរបើកទូកដឹកភ្ញៀវទេសចរ លោកពិតជាសប្បាយរីករាយ ដែលរូបលោកបានចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការថែរក្សា ការពារព្រៃសហគមន៍ឱ្យបានគង់វង្ស។
ប្រជាសហគមន៍រូបនេះ បានលើកឡើងថា៖ ដើម្បីថែរក្សាការពារ អភិរក្សបឹងសហគមន៍ឱ្យបានគង់វង្សយូរអង្វែងតទៅមុខនោះ ចាំបាច់ណាស់ការចូលរួម ពីទេសចរជាតិនិងអន្តរជាតិមិនអាចខ្វះបានឡើយ ព្រោះថា៖នៅពេលមានភ្ញៀវមកទស្សនាជាបន្តបន្ទាប់ ប្រជាសហគមន៍ក៏មានប្រាក់ចំណូលគ្រប់គ្រាន់មកចិញ្ចឹមគ្រួសារ មិនបាច់ធ្វើចំណាកស្រុក ឬទន្រ្ទានធនធានធម្មជាតិឡើយ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាហូរហែតែងនិយមទៅទស្សនាជីវៈចម្រុះ នៅសហគមន៍ទេសចរណ៍បឹងពារាំង ជាក់ស្តែងរយៈពេលពេញមួយខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិចំនួនជិត៣០០នាក់ និងទេសចរបទេស២០០នាក់បានចូលមកកម្សាន្ត។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សង្ឃឹមថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលមកទស្សនាកម្សាន្ត។ ដោយសារបឹងពារាំង និងបឹងរណបដ៏ទៃទៀតជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក២៥០ហិកតានារដូវប្រាំង មានទីតាំងជាប់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ចម្ងាយ១៦គីឡូម៉ែត្រ ខាងត្បូងទីក្រុងសៀមរាប និង២គីឡូម៉ែត្រខាងជើងបឹងទន្លេសាប ។
ដោយទទួលបានច្បាប់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ត្រូវការការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយ សហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។ សកម្មភាពនៃការការពារ និងអភិរក្សរបស់ប្រជាសហគមន៍ជ្រាវ បានប្រែក្លាយតំបន់នេះ ទៅជាមណ្ឌលដ៏សុខសាន្តសំរាប់ ត្រីមេពូជ ព្រៃលិចទឹក និងសត្វស្លាបទឹក ដែលញុំាងឱ្យតំបន់នេះ ក្លាយទៅជាគោលដៅទាក់ទាញថ្មី សំរាប់ទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងផ្តិតយករូបភាពនៃទេសភាពបៃតង សត្វស្លាបទឹក សត្វស្លាបដីសើមរាប់រយប្រភេទ៕