រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយ ពាក់ព័ន្ធនឹងការប្រកាសតម្លើងពន្ធនាពេលថ្មីនេះ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីរកដំណោះស្រាយសមស្របណាមួយ ពាក់ព័ន្ធនឹងការប្រកាសតម្លើងពន្ធនាពេលថ្មីៗនេះ។

តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វី ដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។

សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាន និងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញ ពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយបានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប (Reciprocal Tariffs) លើបណ្តាប្រទេស ដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។

សម្តេចបវរធិបតី បានបន្ថែមថា កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូល ដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះទៀតសោត មានតែ៥០% នៃអត្រា ដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ៕