កម្ពុជា-ទីម័រឡេស្តេ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

0

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Bendito Dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម Freitas កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្តោតការពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេនៅកម្ពុជា គឺចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែមេសា ឆ្នាំ២០២៥៕