គម្រោងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សាងសង់បានជាង ៩៤% គ្រោងបញ្ចប់ក្នុងរដូវប្រាំងនេះ

0

(កោះកុង)៖ វឌ្ឍនភាពនៃការសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីចំណុចស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសម្រេចលទ្ធផលជាង ៩៤% ហើយ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥នេះ និងគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងរដូវប្រាំងឆ្នាំនេះ។

ព័ត៌មាននេះត្រូវបានបញ្ជាក់ បន្ទាប់ពី លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការដ្ឋានផ្ទាល់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរចុះពិនិត្យនោះ ក្រុមការងារបានធ្វើការត្រួតពិនិត្យលើការងារជាក់ស្តែង រួមមាន៖ ការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (Asphalt Concrete) តាមរយៈការខួងយកសំណាកទៅពិសោធន៍។ ការពិនិត្យទីតាំងសម្រាប់ដំឡើងផ្លាក «អរគុណសន្តិភាព»។

បន្ទាប់ពីការពិនិត្យការដ្ឋាន លោក រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពលម្អិត និងការងារដែលនៅសេសសល់។ លោកបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ឱ្យយកចិត្តទុកដាក់បន្ថែមលើការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងការធានាប្រព័ន្ធបង្ហូររំដោះទឹកភ្លៀងឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមទីតាំងដែលងាយរងគ្រោះ។ លោកក៏បានជំរុញឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារដែលនៅសល់ឱ្យបានចប់តាមផែនការ និងធានាបាននូវគុណភាពតាមស្តង់ដារបច្ចេកទេស។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបាន ៩៤.៣០%។

សូមរំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ ១៤១+៧៥០) ត្រង់ចំការហ្លួង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៧ សង់ទីម៉ែត្រ និងជាប្រភេទបេតុងសរសៃដែកត្រង់ផ្លូវប្រសព្វ កម្រាស់ ២៥ សង់ទីម៉ែត្រ ដោយប្រើប្រាស់ថវិកាសរុបប្រមាណជាង ៧៨ លានដុល្លារអាមេរិក៕