ស្ទឹងត្រែង ៖ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញដល់មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ និងបន្តជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាម បច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ការលើកឡើងរបស់ ឯកឧត្ដម សរ សុពុត្រា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ ទាំង៣០ នៃស្រុកទាំង៥ ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង៦ លោក លោកស្រីមេឃុំចៅសង្កាត់ ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីកសិកម្មចំនួន ៣០នាក់។
នាឱកាសនោះលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសថា ក្នុងរយៈពេលកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានពង្រឹង និងអភិវឌ្ឍន៍ នូវធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តស្ទឹងត្រែង ឈានសម្រេចតាម ផែនការ និងទិសដៅរបស់អង្គភាព ដោយមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងដុតដៃដុតជើងឥតសំចៃ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង ពិសេស ថ្នាក់ដឹកនាំខេត្ត និងកិច្ចសហការល្អពីគ្រប់អាជ្ញាធរស្រុក ឃុំ ភូមិ ស្ថាប័នពាក់ព័ន្ធ អង្គការនានា និងប្រជាកសិករផងដែរ ចុះជាប់ជាប្រចាំនៅមូលដ្ឋានភូមិ ឃុំ ធ្វើឲ្យការងារវិស័យកសិកម្មឆ្នាំ២០២៤កន្លងមកនេះ ទទួលបានលទ្ធផល ជាផ្លែផ្កាស្របតាមសូចកររបស់មន្ទីរដែលបានដាក់ចេញ។
ទន្ទឹមនឹងនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍កោតសរសើ និងចូលរួមអបអរសាទដល់មន្រ្តីកសិកម្មឃុំទាំង ៣០រូប ប្រៀបបានទៅនិង គ្រាប់ពូជថ្មីដែលដុះលូតលាស់នៅលើថ្នាលថ្មីដែលជាថ្នាលប្រកបទៅដោយក្តីសង្ឃឹមដែលជាប្អូនៗដែលទើបតែប្រឡងជាប់ក្របខណ្ឌនិងទើបតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលហើយត្រូវចូលមកបម្រើការងារនៅតាមមូលដ្ឋានឃុំទាំង៣០ នៃស្រុកទាំង៥ ក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា បន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងយន្តការរក្សាលំនឹងថ្លៃកសិផលគន្លឹះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងមន្រ្តីទាំងអស់ក្នុងការចុះជួយដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេសក្នុងការលើកស្ទួយវិស័យ កសិកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋ។ តាមរយៈការ ផ្តល់ចំណេះដឹង បច្ចេកទេសផ្សេងៗ។
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ត្រីកសិកម្មឃុំទាំងអស់ត្រូវ ខិតខំបំពេញភារកិច្ចអោយបានល្អ និងបន្តជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែ ច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាម បច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាពិសេស សូមចូលរួមជាមួយ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្តល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់ កសិករ ក្នុងការលើកស្ទួយវិស័យ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង៕