កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ក្រសួងព័ត៌មានបានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាបានសន្តិសុខព័ត៌មាន នោះ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាន នៅថ្ងៃទី៣ខែមេសានេះ អំពីការគាំទ្ររបស់ក្លឹបអ្នកកាសែតកម្ពុជាចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាននេះ។
លោកពុយគា បានលើកឡើងថា៖ ទី១. វាជាចំណុចល្អដែលក្រសួងព័ត៌មានបានគិតគូរដល់ការណែនាំដល់ប្រជាពលរដ្ឋយើងទាំងអស់ឲ្យស្វែងយល់ពីព័ត៌មានពិតនិងព័ត៌មានមិនពិតដែលព័ត៌មានក្លែងក្លាយវាផ្តល់គ្រោះថ្នាក់ធំសម្រាប់ប្រជាពលរដ្ឋសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំដល់មនុស្សគ្រប់រូបទាំងអស់។
បើទោះបីនៅកន្លែងការងារគាត់ក៏ដោយ នៅក្នុងកន្លែងរបរទទួលទានក៏ដោយ កាលណាមានព័ត៌មានពិត គឺសម្រេចចិត្តទៅវាត្រូវ ផ្ទុយទៅវិញទទួលព័ត៌មានខុសការសម្រេចចិត្តក៏ខុសដែរ។
ទី២. ដើម្បីធ្វើឲ្យយុទ្ធនាការនេះទទួលបានជោគជ័យទាមទារឲ្យមានការយល់ដឹងសម្រាប់សង្គមទាំងមូល។ទាល់តែប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងច្បាស់លាស់តាមរយៈការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានបំផុសជាចរន្តថ្នាក់ជាតិទាំងមូលតែម្ដងដើម្បីគាត់ប្រយ័ត្នប្រយែងនៅក្នុងការត្រួតពិនិត្យ ចេះបែងចែករវាងព័ត៌មានពិតនិងព័ត៌មានមិនពិត។
យើងគួរធ្វើយ៉ាងណា អោយមានការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ តាមរយៈបង្កើតយន្តការណែនាំបែបសាមញ្ញៗអោយប្រជាពលរដ្ឋដឹង ដោយចាប់ផ្តើមដំបូងចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាគោលដៅចំបង ។ដោយឡែកសម្រាប់អ្នកសារព័ត៌មានអាជីពគាត់មានរបៀបរបស់គាត់ផ្សាយព័ត៌មានពិតកម្រិតណា។
ទន្ទឹមនេះ ក្រោយពេលក្រសួងព័ត៌មានបានចាប់ផ្តើមធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ លោកពុយគា បានបង្ហាញការចូលរួម ដោយបានបញ្ជាក់ថាក្លឹបអ្នកកាសែតកម្ពុជាបានបើកវគ្គនិងធ្វើកម្មវិធីជាបន្តបន្ទាប់ទាក់ទងព័ត៌មានក្លែងក្លាយហើយព្យាយាមពន្យល់ប្រជាពលរដ្ឋអំពីការចេះកត់សម្គាល់ថាព័ត៌មានក្លែងក្លាយចេញពីប្រភពណាមក។ដើម្បីកាត់បន្ថយភាពស្រពិចស្រពិលហើយចេះមើលថាព័ត៌មានណាពិត ហើយព័ត៌មានណាមិនពិត ក្លឹបអ្នកកាសែតកម្ពុជាតែងតែបង្ហោះសារមួយចំនួនដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមចេះស្វែងយល់អំពីប្រភេទព័ត៌មានពិត។ ក្លឹបអ្នកកាសែតកម្ពុជាបានបែងចែក៨ចំណុចនៃព័ត៌មានពិត។
ប្រសិនបើផ្ទៀងផ្ទាត់ទៅអត់ចូលប្រាំបីចំណុចនោះទេគឺវាអាចចូលព័ត៌មានក្លែងក្លាយដែលត្រូវតែប្រុងប្រយ័ត្នប្រយែងកុំឲ្យគាត់Like និងShare ដែលនាំអោយច្របូកច្របល់ដល់មហាជនមិត្តភក្កិបងប្អូននិងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានគ្រោងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ នៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
សូមរំលឹកថា នៅក្នុងពិធីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថាមនុស្សម្នាក់គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយស្នើរអោយប្រជាពលរដ្ឋគ្រប់ រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជន ដើម្បីរួមគ្នា ធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព៕