បទយកការណ៍៖ ភ្ញៀវទេសចរចាត់ទុកក្រូចថ្លុងកោះទ្រង់ជាផ្លែឈើធម្មជាតិដ៏ពេញនិយមនិងល្បីល្បាញប្រចាំខេត្តក្រចេះ

0

«ផ្លែក្រូចថ្លុងកោះទ្រង់» របស់កម្ពុជាត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញានៃពិភពលោក ដែលក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។

នៅពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកលេងកម្សាន្តនៅទីរួមខេត្តក្រចេះ ក្រឡេកមើលនៅតាមទីតាំងភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់អេកូទេសចរណ៍នីមួយៗនៅក្នុងខេត្តក្រចេះ គឺមានការដាក់តាំង លក់ក្រឡានថ្មគ្រែ ណែមស្លឹកចេក និងក្រូចថ្លុងជាដើម ។ ប៉ុន្តែចំពោះក្រូចថ្លុងនេះវិញ គឺបានបង្ហាញពីភាពល្បីល្បាយរបស់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលក្រូចថ្លុងមួយនេះមានរស់ជាតិឆ្ងាញ់បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ពីអត្តសញ្ញាណខេត្តក្រចេះ ។

ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៥ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ ខណៈដឹកនាំមន្ត្រីរាជការជានារីជាង២០០នាក់ ទៅភ្លក់រស់ជាតិក្រឡានថ្មគ្រែ ក្រូចថ្លុងកោះទ្រង់ និងស្វែងយល់ពីសក្តានុពលសំខាន់ៗរបស់ខេត្តក្រចេះថា៖ សម្រាប់ដំណាំដែលមានការចាប់អារម្មណ៍ខ្ពស់ គឺក្រូចថ្លុងដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រGI គឺមានឱជារសឆ្ងាញ់ពិសា។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ទៀតថា នៅប្រទេសកម្ពុជាមានតែផលិតផលមួយចំនួនប៉ុណ្ណោះដែលបានចុះបញ្ជីទៅជាដំណាំGI ក្នុងនោះនៅខេត្តក្រចេះមានក្រូចថ្លុង កំពង់ស្ពឺមានស្ករត្នោត នៅខេត្តកំពង់ធំមានអំបុក ម្រេចកំពតដែលដាំនៅខេត្តកំពតនិងខេត្តកែប និងទឹកឃ្មុំព្រៃនៅខេត្តមណ្ឌលគិរី លផិតផលទាំង៥ប្រភេទនេះជាផលិតផលខ្មែរ ហើយត្រូវបានកត់សម្គាល់ជាផលិតផលសម្គាល់អត្តសញ្ញាណភូមិសាស្រ្ត ។

នៅលើកោះទ្រង់ ក្នុងទឹកដីខេត្តក្រចេះ ក្រៅពីទេសភាពដ៏ល្អត្រកាលគ្មានពីរ នាកណ្តាលដងទន្លេមេគង្គ ក្រូចថ្លុងកោះទ្រង់ គឺជាប្រភេទផ្លែឈើដែលប្រជាពលរដ្ឋនិយមដាំដុះស្ទើរគ្រប់ក្រុមគ្រួសារ ដោយគ្រាន់តែគ្រួសារខ្លះមានតិច គ្រួសារខ្លះមានច្រើនទៅតាមទំហំផ្ទៃដីរៀងៗខ្លួន។

ក្នុងដំណើរកំសាន្តនោះដែរ អ្នកមីង សុខរស់ បានឱ្យដឹងថា៖ ភ្ញៀវទេសចរដែលទៅលេងនៅតំបន់កោះទ្រង់ ក្រៅពីធ្វើដំណើរកំសាន្តមើលទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញកោះនោះហើយ ភ្ញៀវមិនដែលមើលរំលងក្រូចថ្លុងឡើយ ព្រោះវាមានរស់ជាតិផ្អែមឆ្ងាញ់ ហើយតម្លៃសមរម្យ ដោយក្នុងមួយផ្លែមាន តម្លៃតែ៧០០០រៀលប៉ុណ្ណោះ។

ចំណែកអ្នកមីង គីម ស្រេង ដែលជាអ្នកទៅលេងនៅទីនោះដែរ និងជាអ្នកគាំទ្រក្រូចថ្លុងកោះទ្រង់ម្នាក់ដែលនោះបានលើកឡើងថា ល្បីជាងគេកោះទ្រង់មានតែក្រូចថ្លុងនេះហើយ កំពឹសទន់ហើយផ្អែម មានជាតិ អត់សាប បើក្រូចនៅកន្លែងគេខ្លះផ្អែមសាប តែនេះមានរស់ជាតិ ដូចនេះប្រជាពលរដ្ឋនៅតំបន់នោះភាគច្រើនគេដាំក្រូចថ្លុង។

ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែបើប្រជាពលរដ្ឋរស់នៅទីនោះបានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ ដោយសារបញ្ហាខ្វះទឹក។

លោក សំ បួយ ចៅសង្កាត់កោះទ្រង់បានឱ្យដឹងថា៖សព្វថ្ងៃក្រៅពីរបរកសិកម្ម ប្រជាពលរដ្ឋ៩០ភាគរយ នៃប្រជាពលរដ្ឋ៣៨៨គ្រួសារ នាំគ្នាដាំក្រូចថ្លុង នៅលើផ្ទៃដីចំនួន៣១ហិកតាកន្លះ បើគិតជាដើមគឺជាង១ម៉ឺនដើម(១១២៧) ក្នុងនោះដើមដែលឱ្យផលមានចំនួនជាង៤ពាន់ដើម ដែលក្នុង១ដើមជាធម្យមវាឱ្យផលប្រមាណ៥០ផ្លែ រីឯតម្លៃវិញមានចន្លោះពី ៥០០០រៀលទៅ៧០០០រៀល ។ លោកបានបញ្ជាក់ពីមូលហេតុសម្រាប់គ្រួសារចំនួន១០ភាគរយទៀត ដែលមិនបានដាំក្រូចថ្លុងថា នៅសង្កាត់កោះទ្រង់ស្ថានភាពដីជារបៀបបាតខ្ទះ ដែលនៅខាងៗខ្ពស់ នៅពេលដែលទឹកលិចម្ដងៗគឺវាលិចដក់ទៅខាងក្រោម។ អញ្ចឹងផ្ទៃដីដែលអំណោយផលដល់ដំណាំក្រូច គឺផ្ទៃដីលំនៅឋានដែលយើងអាចគិតពីផ្លូវថ្នល់ទៅប្រហែល៥០ម៉ែត្រទេ ដែលដីនឹងប្រកបដោយជីវជាតិហើយអំណោយផលដល់ដំណាំក្រូច។ ឯភូមិដែលបានផលភាគច្រើនគេហៅថាភូមិក្បាលកោះដូចថាដីអំណោយផលពីផ្លូវទៅហ្នឹងមានដីរៀងច្រើន ដូចនេះដំណាំក្រូចក៏គាត់អាចដាំបានច្រើនដែរ។ ចំណែកដីនៅភូមិចុងកោះ បើកាន់តែដល់ចុងតែម្ដងវារាវទៅ សឹងតែដាំក្រូចមិនកើត ពីព្រោះអីវាសំយ៉ុងពេកអត់សូវមានជីវជាតិ។ដូចនេះប្រជាពលរដ្ឋបែរជាប្ដូរមុខរបបទៅជាបណ្ដុះសណ្ដែកអីផ្សេងៗទៀតនេះជាមូលហេតុដែលគាត់មិនបានដាំដំណាំក្រូច។

ដោយសារទឹកដីកោះទ្រង់គឺជាប្រភេទដីល្បាយខ្សាច់មានជីជាតិ និងមានភាពអំណោយផលដល់ដំណាំក្រូចថ្លុង ធ្វើឱ្យផ្លែរបស់វាមានរសជាតិផ្អែមឆ្ងាញ់ ខុសពីក្រូចថ្លុងចេញពីតំបន់ភូមិសាស្រ្តផ្សេងៗទៀត ពិសេសចំពោះការដាំដុះគឺមានលក្ខណៈធម្មជាតិ១០០ភាគរយ ដែលធ្វើឱ្យភ្ញៀវទៅលេងកំសាន្តនៅទីនោះមិនដែលមើលរំលងនោះទេ គឺនាំគ្នាទិញយកកមហូបគ្រប់ៗគ្នា។

លោក សំ បួយ ចៅសង្កាត់កោះទ្រង់បានប្រាប់ពីមូលហេតុដែលក្រូចនៅទីនោះមានរស់ជាតិឆ្ងាញ់ថា ទន្ទឹមហ្នឹងការរក្សាបាននូវគុណភាពក្រូចផ្អែមកោះទ្រង់ ប្រជាកសិករគ្រប់រូបគាត់យល់ដឹងខ្លួនឯងថា ដំណាំក្រូចផ្អែមហ្នឹងមិនអាចប្រើបច្ចេកទេស ឧទាហរណ៍ថាប្រើជាថ្នាំគីមីទេ។ ដូចនេះគាត់កែច្នៃធ្វើជាជីកំប៉ុស ហើយគាត់ព្យាយាមតាមបែបបច្ចេកទេសខ្លះៗដូចជាគាត់ធ្វើផលិតជាជីសរីរាង្គ ដើម្បីស្រោចស្រពដំណាំ ទាំងនេះទាក់ទងពីគុណភាពនៃដំណាំក្រូចរបស់គាត់។ ហើយមួយទៀតការរក្សានៅស្លាកសញ្ញា ប្រជាពលរដ្ឋមួយចំនួនក៏គាត់មិនទាន់បានចូលរួមជាមួយសមាគមន៍ក្រូចថ្លុងកោះទ្រង់ ដើម្បីគេបំពាក់ស្លាកម៉ាកសម្គាល់ទៅលើផ្លែក្រូចទេ ។គាត់ច្រើនលក់ឱ្យឈ្មួញ ហើយឈ្មួញនោះទៀតពេលខ្លះគាត់បានទៅទិញនៅម្ចាស់ដើមដែលអនុញ្ញាតហើយគាត់ធ្វើតាមអ្វីដែលគាត់ថាល្អ។ ពេលខ្លះក្រូចមិនទាន់ទុំល្អធ្វើឱ្យរស់ជាតិ មានការប្រែប្រួលខ្លះ។ ទន្ទឹមនោះទៀតក៏មានខ្លះ ក៏យកឈ្មោះដែលថាក្រូចកោះទ្រង់ដែរ តែតាមការពិតយកមកពីឆ្ងាយ ដែលយើងជាអាជ្ញាធរមិនទាន់គ្រប់គ្រងបាននៅលើទីផ្សារខាងក្រៅបាន។

អ្នកមីង ចេង សុខុម ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ ជាអ្នកដាំក្រូច និងដើរទិញក្រូចយកទៅលក់បន្តបានឱ្យដឹងថា៖ ដើមក្រូចថ្លុងដែលគេបំបៅមែកហើយយកមកដាំ គឺរយៈពេល៣ឆ្នាំ ទទួលបានផល គ្រាន់តែឆ្នាំដំបូងៗបានផលតិចតួច។ អ្នកមីងលើកឡើងទៀតថា៖ រយៈពេលជាង៣០ឆ្នាំហើយអ្នកមីងប្រកបមុខរបរដាំក្រូចនេះ ហើយសព្វថ្ងៃនៅផ្ទះគាត់មានដាំដើមក្រូចថ្លុងចំនួន៣០ដើម ដោយក្នុងមួយឆ្នាំអាចរកចំណូលបានប្រហែល៤ទៅ៥លានរៀល ដែលធ្វើឱ្យជីវភាពគ្រួសារមានលក្ខណៈល្អប្រសើរជាងមុន។

ក្រូចថ្លុងដែលដាំដុះ នៅក្នុងឃុំកោះទ្រង់ ក្នុងទឹកដីខេត្ដក្រចេះ គឺជាផលិតផលកម្ពុជាទីបី ដែលទទួលបានផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បន្ទាប់ពីម្រេចកំពត និងស្ករត្នោតនៅខេត្តកំពង់ស្ពឺ។ ការចុះបញ្ជីកម្មសិទ្ធិបញ្ញា លើក្រូចថ្លុងកោះទ្រង់នេះ បានជួយការពារទៅដល់អត្តសញ្ញាណផលិតផលប្រពៃណី បង្កើតឱកាសការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕