គណៈកម្មការទី៨ សង្កេតឃើញថាបងប្អូនកម្មករ-កម្មការិនី ពិសាភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ម្នាក់មួយកំប៉ុងយ៉ាងតិចក្នុងមួយថ្ងៃដើម្បីបំពេញកម្លាំងឱ្យធ្វើការបានច្រើនម៉ោង។ ឥរិយាបថទាំងនេះ បើទោះបីជាមិនទាន់ប៉ះពាល់សុខភាព ភ្លាមៗមែន ប៉ុន្តែវានឹងជះផលប៉ះពាល់នៅថ្ងៃខាងមុខជាមិនខាន ដូចជាបង្កជាជំងឺទឹក នោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់ និងជំរុញដល់ជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ល។
នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»នៅវិមានរដ្ឋសភាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
លោកជំទាវបានបន្តថា ភាពសម្បូរបែប ភាពអាចរកបាន គួបផ្សំនឹងជីវភាពដែលកាន់តែមានភាពប្រសើរឡើង ប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអាហារកែច្នៃដែលភាគច្រើនមាន ជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ដែលមិនសូវមានអាហារូបត្ថម្ភគ្រប់គ្រាន់។ ឥរិយាបថនៃការរស់នៅទាំងនេះសុទ្ធសឹងជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង នាពេលអនាគត ហើយវាកាន់តែគ្រោះថ្នាក់ថែមទៀតនៅពេលដែលជំងឺទាំងនេះកើត ឡើងនៅក្នុងចំណោមក្រុមប្រជាជនសកម្ម ឬក្រុមយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
លោកជំទាវបានគូសបញ្ជាក់ថា «ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះចេញទេ គឺយើងនឹងខាតបង់ធ្ងន់ធ្ងរនៅថ្ងៃអនាគត ដែលបានដាក់បន្ទុកដ៏យូរអង្វែងសម្រាប់ក្រសួងសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងប្រព័ន្ធគាំពារសង្គម និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលធ្វើឱ្យបាត់លទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា៖ការលើកកម្ពស់ការយល់ដឹងនូវការបង្ការការពារតាមរយៈការផ្តល់ ព័ត៌មានពិតប្រាកដ ជាក់លាក់ ច្បាស់លាស់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការ ចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ យុវជន កម្មករ កម្មការិនី និងប្រជាជនគ្រប់ស្រទាប់ ដើម្បីចូលរួមបង្ការ និងការពារសុខភាពឱ្យជៀសផុតពីជំងឺរ៉ាំរ៉ៃ ទាំងនេះ ក្រោមពាក្យស្លោក “បង្ការការពារ ប្រសើរជាងការព្យាបាល” ពីព្រោះការព្យាបាល មានតម្លៃខ្ពស់ និងមានរយៈពេលយូរអង្វែង។
ចក្ខុវិស័យ និងបេសកកម្មរបស់ គណៈកម្មការទី៨ នៃរដ្ឋសភា គឺប្រកាន់ជាប់នូវពាក្យស្លោក “សុខភាព គឺជាកូនសោរគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ” និងតែងតែចាត់ទុកការប្រយុទ្ធនឹង ជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្តារបៀបវារៈសំខាន់ៗរបស់គណៈកម្មការតាំងពី នីតិកាលទី៦មកម្លេះ។ ជាក់ស្តែងនៅក្នុងនីតិកាលទី៦ គណៈកម្មការបានធ្វើសិក្ខា សាលាសភាតំបន់ស្តីពីជំងឺមិនឆ្លងចំនួន៣លើក ដែលរៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនានៅរដ្ឋសភាចំនួន១លើក និងនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយ មានការគាំទ្រពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច អង្គការសុខភាពពិភពលោកប្រចាំនៅ កម្ពុជា ជាពិសេស មជ្ឈមណ្ឌលសភាអាស៊ី PCAsia ។ នៅក្នុងនីតិកាលទី៧ រយៈពេល១៩ខែមកនេះ គណៈកម្មការទី៨ បានធ្វើសិក្ខាសាលា សភាតំបន់ចំនួន២លើក គឺនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ និងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាថ្ងៃនេះផងដែរ ដែលមានការគាំទ្រថវិកាពី AFPPD និង PCAsia។
គួរជម្រាបថា៖គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកសភានៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គការសុខភាពពិភពលោក វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត៕