ក្រសួងឧស្សាហកម្ម​ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាគ្នាលើការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI)

0

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។

កិច្ចប្រជុំនារសៀល មានគោលបំណងគាំទ្រដល់ក្រសួង ស្ថាប័នបានពិភាក្សា ផ្លាស់ប្តូរយោបល់ ក៏ដូចជាការប្រមូលធាតុចូលនានា សំដៅដល់ការកំណត់ និងការអនុវត្តមុខងារបញ្ញាសិប្បនិម្មិត (AI)។ បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាដែលកំពុងមានការវិវឌ្ឍយ៉ាងស្រួចស្រាវពេញនិយម ដែលបច្ចេកវិទ្យាទាំងនេះអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិបទរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ការចាប់យកបញ្ញាសិប្បនិម្មិត (AI) ជាស្ថានភាពនៃការអនុវត្តការងារ ក្នុងបរិបទថ្មី ដែលបច្ចេកវិទ្យានេះអាចត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គមដូចជា៖ វិស័យសុខាភិបាល, វិស័យអប់រំ, សេវាសាធារណៈ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, បច្ចេកវិទ្យាម្ហូបអាហារ, សេវាកម្មធនាគារ និងហិរញ្ញវត្ថុ, សន្តិសុខបច្ចេកវិទ្យា Cybersecurity, ភស្តុភារកម្ម និងដឹកជញ្ជូន, ការធ្វើដំណើរ, អចលនទ្រព្យ, ការកំសាន្ត, ផលិតកម្ម, វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ ជាដើម។

កម្ពុជាកំពុងដើរលើផ្លូវដ៏ស្វាហាប់ និងគិតគូរយ៉ាងហ្មត់ចត់ វែងឆ្ងាយ ដើម្បីចាប់យក និងសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ ក្នុងន័យនេះ កិច្ចប្រជុំនាថ្ងៃនេះ ជាការផ្តល់នូវជំហានថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន នានា​ជាពិសេសក្រសួងសាមី ដែលមានមុខងារប្រទាក់ក្រឡាគ្នា បានជជែក​ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI) ក្នុងបរិបទកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ គឺជាអ្នកផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងការអនុវត្តមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមខ្លឹមសារនៃសារាចរ របស់រាជរដ្ឋាភិបាលស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិបតិបត្តិ» ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ “ដូច្នេះ ក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាម វិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យដែលក្រសួង ស្ថាប័នទទួលបន្ទុក” ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្ថែម៕