រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មនុស្សម្នាក់គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ

0

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវកាហើយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយនៅក្នុងឱកាសនោះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអោយប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុង យុទ្ធនាការនេះជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជន ដើម្បីរួមគ្នា ធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព។ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ត្រូវស្វែងយល់ដឹងបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចសំខាន់ៗ ដែលត្រូវធ្វើក្នុងករណីសង្ស័យថាជា ព័ត៌មានក្លែងក្លាយ គឺត្រូវពិនិត្យមើល ប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណ ស្ថាប័ន ឬ គណនី ដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា ព័ត៌មាននោះ តើមានសារព័ត៌មានវិជ្ជាជីវៈដទៃទៀតចុះផ្សាយដែរឬទេ?

ការបង្ហាញនេះបានធ្វើឡើងនៅក្នុងពិធីបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្រសួងព័ត៌មាន ដោយឯកឧត្តមរដ្ឋមន្ត្រីបានរាប់បញ្ជូលអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការថា គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ដែលមិនអាចខ្វះបាន។

សម្រាប់អ្នកសារព័ត៌មាន ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «វិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយ រីកសាយភាយ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តនិងការយល់ច្រឡំរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ អ្នកសារព័ត៌មាន គឺត្រូវតែប្រកាន់នូវគោលការណ៍តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន ។ ពោលគឺមុននឹងចេញផ្សាយព័ត៌មាន ត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មាន រវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ នេះគឺជាចំណុចចាំបាច់ត្រូវធ្វើក្នុងការចូលរួម ចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «យុទ្ធនាការនេះរៀបចំឡើងដើម្បី លើកកម្ពស់ការយល់ដឹង ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមាន ការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយនិងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើត ទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធាន ការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម»។

យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្ត យុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

សូមរំលឹកថា ថ្មីៗនេះក្រសួងព័ត៌មានបានចុះទៅបណ្តុះបណ្តាលនិងបង្កើតក្រុមការងារព័ត៌មាន និងសាធារណមតិនៅតាមមន្ទីរព័ត៌មានរាជធានីខេត្តដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយដែល បានកើតឡើងភ្លាមៗនៅមូលដ្ឋាន។

តាមរយ:យុទ្ធនាការនេះដែរ ក្រសួងព័ត៌មានបានបញ្ចេញសារ សំខាន់ៗ ដូចជា «សូមប្រុងប្រយ័ត្នព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ» «ពលរដ្ឋឌីជីថលប្រើប្រាស់បណ្ដាញសង្គមដោយការទទួលខុសត្រូវ» «យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយចុះអ្នកវិញ?» «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»និង«យើងចូលរួមធានាសុវត្ថិភាពព័ត៌មាននៅកម្ពុជា»។

ទន្ទឹមនេះទៀត ដើម្បីលើកកម្ពស់ការចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន នឹងបន្តសហការជាមួយ តួអង្គរដ្ឋនិងឯកជន ដើម្បីជួយផ្សព្វផ្សាយខ្លឹមសារអប់រំ និងសារអំពាវនាវដល់សាធារណជន តាមប្រព័ន្ធសារទូរសព្ទចល័ត (SMS) និងសារជាសំឡេង(call-tune) ព្រមទាំងសហការជាមួយក្រុមហ៊ុនបណ្តាញសង្គម ដូចជា Tiktok, Meta ជាដើម ក្នុងការពង្រឹងការអនុវត្តនិយាមបណ្តាញសង្គម ដើម្បីធានា ការប្រើប្រាស់ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ជាពិសេសការប្រើប្រាស់ខ្លឹមសារ ពាក្យពេចន៍ រូបភាព និងវីដេអូ និងការពារសុវត្ថិភាពនិងសិទ្ធិរបស់អ្នកប្រើប្រាស់។

ការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើង គឺបន្ទាប់ពីព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងកំណើនឥតឈប់ឈរ ដោយក្នុងឆ្នាំ២០២៤ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៣៦៥១ ករណី ដែលនេះជាចំនួនកើនឡើងប្រមាណ ១៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ករណី។

សូមបញ្ជាក់ថា នៅក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញ ទំនាក់ទំនងសង្គមមានហ្វេសបុក យូធូប តិចតុក តេឡេក្រាម បានផ្តល់អំណោយផលដល់ ការចែករំលែកយ៉ាងលឿននូវគ្រប់ទម្រង់នៃ ព័ត៌មានក្លែងក្លាយ។ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាពបង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។

ជាក់ស្តែងកាលពីឆ្នាំ២០២៤ មានការបង្កើតព័ត៌មានក្លែងក្លាយដែលបោកប្រាស់ប្រជាពលរដ្ឋខ្មែរថា គម្រោងអភិវឌ្ឍន៍ CLV បានធ្វើអោយកម្ពុជាបានបាត់បង់ទឹកដី៤ខេត្តទៅប្រទេសជិតខាង ដែលព័ត៌មានភូតភរខុសការពិតនេះបានធ្វើអោយសង្គមកម្ពុជាជ្រួលច្របល់។

សូមបញ្ជាក់ថា គោលដៅរបស់យុទ្ធនាការដែលរៀបចំឡើងដោយក្រសួងព័ត៌មាននេះ គឺដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន នោះគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕